(ប៉េកាំង)៖ ចិនដែលជាសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មចម្បងរបស់កូរ៉េខាងជើង បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការតបស្នងតម្លៃយ៉ាងធំធេង សម្រាប់ទណ្ឌកម្មថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខ UN ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង ដើម្បីតែការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏ដូចជារក្សាស្ថិរភាព នៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងការបរទេសចិន លោក Wang Yi បានលើកឡើងក្នុងឱកាសអញ្ជើញចូលរួមវេទិកាអាស៊ាន នៅឯរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីនថា «ប្រសិនបើយើងពិចារណា ទៅលើទំនាក់ទំនងសេដ្ឋកិច្ចដ៏យូរអង្វែង រវាងចិននិងកូរ៉េខាងជើងនោះ វាបានបង្ហាញយ៉ាងច្បាស់ថា ចិននឹងត្រូវធ្វើការតបស្នងតម្លៃច្រើនជាងគេ ក្នុងការអនុវត្តន៍សេចក្តីសម្រេចទណ្ឌកម្មថ្មីចុងក្រោយបំផុត របស់ UN។ ក៏ប៉ុន្តែដើម្បីបុព្វហេតុគាំទ្រប្រព័ន្ធអន្តរជាតិនៃការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ និងដើម្បីថែរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឧបទ្វីបកូរ៉េ ទីក្រុងប៉េកាំងនឹងគោរពប្រតិបត្តិតាមសេចក្តីសម្រេចនេះយ៉ាងខ្ជាប់ខ្ជួន និងពេញលេញ»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តគាំទ្រជាឯកច្ឆ័ន្ទ ចំពោះសេចក្តីសម្រេចលេខ ២៣៧១ ដើម្បីរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលកាលពីខែកក្កដា របស់ទីក្រុងព្យុងយ៉ាង។ វិធានការដាក់កំហិតថ្មីនេះ មានគោលដៅទៅលើ ការនាំចូលធ្យូងថ្ម, ដែក, រ៉ែដែក, សំន, និងគ្រឿងសមុទ្រពីប្រទេសកូរ៉េខាងជើង ទៅកាន់បណ្តាសមាជិករបស់ UN៕