(ម៉ានីល)៖ កិច្ចប្រជុំដែលបានព្រៀងទុកនាឱកាសចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីនរវាងរដ្ឋមន្ត្រីការបរទេសវៀតណាម និងចិនត្រូវបានលុបចោល ខណៈភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសទាំងពីរ នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាមមន្ត្រីស្ថានទូតចិន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
វៀតណាម និងចិនគឺជាភាគីជម្លោះនៃសមុទ្រចិនខាងត្បូង ជាទីដែលសម្បូរទៅដោយធនធានប្រេង និងឧស្ម័ន ព្រមទំាងមានពាណិជ្ជកម្មឆ្លងកាត់ ៣ទ្រីលានដុល្លារ (ពាន់ពាន់លាន) ក្នុងមួយឆ្នាំ។ ស្ថានភាពរវាងប្រទេសទំាងពីរ កាន់តែតានតឹងឡើងកាលពីខែមិថុនា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា វៀតណាមបានចាប់ផ្ដើមខួងយកប្រេងនៅក្នុងតំបន់ជម្លោះ តែប្រតិបត្តិការនេះត្រូវបានផ្អាកក្រោយមានការ ព្រមានធ្ងន់ៗពីសំណាក់ទីក្រុងប៉េកាំង។
ដោយឡែកពាក់ព័ន្ធការលុបចោលជំនួបរវាងរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យ៉ី និងរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ដែលគ្រោងនឹងធ្វើឡើងក្នុងទីក្រុងម៉ានីល កាលពីថ្ងៃចន្ទ មន្ត្រីស្ថានទូតចិនមិនបានផ្ដល់ហេតុផលនោះទេ ក៏ប៉ុន្តែវាកើតឡើងក្រោយក្រុមមន្ត្រីវៀតណាម បានថ្លែងសុន្ទរកថា ដោយបង្ហាញពីក្ដីព្រួយបារម្ភជុំវិញកសាងសង់កោះសិប្បនិមិត្ត និងមូលដ្ឋានយោធាលើតំបន់សមុទ្រចិនខាងត្បូង។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងការបរទេសចិនបានអះអាងថា រដ្ឋមន្រ្តីការបរទេសទំាងពីរបានជួបគ្នាហើយ តែខាងក្រសួងការបរទេសវៀតណាម បានបដិសេធមិនធ្វើអត្ថធិប្បាយ ខណៈសារព័ត៌មានរដ្ឋវៀតណាម ក៏បាននិយាយដែរថា ក្រុមមន្ត្រីនៃប្រទេសទាំងពីរបានជួបប្រជុំ និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ជាមួយនឹងការបង្ហាញរូបភាព ដែលក្រុមមន្ត្រីទំាងនេះចាប់ដៃគ្នា៕