(ប៉េកាំង)៖ បន្ទាប់ពីបានចូលរួមជាមួយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យកូរ៉េខាងជើង ខាតបង់ចំណូលជាង ០៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ទីក្រុងប៉េកាំងបាន និងកំពុងចាប់ផ្ដើមធ្វើសមយុទ្ធយោធាកាន់តែច្រើនឡើងនៅឯសមុទ្រលឿង ដែលនេះត្រូវបានអ្នកជំនាញខ្លះយល់ថា ជាការត្រៀមខ្លួនរបស់ចិនទប់ទល់នឹងសង្រ្គាមក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
ជុំវិញសមយុទ្ធយោធានេះដែរ លោក Malcolm Davis មកពីវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បានប្រាប់សារព័ត៌មាន South China Morning Post ថា ការធ្វើសមយុទ្ធយោធាកាន់តែច្រើនឡើងរបស់ចិន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន ក៏ដូចជាធ្វើឱ្យប្រាកដថា ខ្លួនអាចមានសមត្ថភាពប្រឈមមុខនឹងជម្លោះទំាងអស់ នៅក្នុងករណី សង្រ្គាមលើឧបទ្វីបកូរ៉េផ្ទុះឡើងមែននោះ។
ប៉ុន្តែនិយាយបែបនេះ មិនមែនមានន័យថា ចិនមានបំណងឱ្យទីក្រុងព្យុងយ៉ាងកាន់តែឯកោនោះទេ ហើយក៏មិនមានគោលដៅលើកូរ៉េខាងជើងដែរ តែផ្ទុយទៅវិញទីក្រុងប៉េកាំងអាចនឹងនៅតែចូលជួយកូរ៉េខាងជើង បើសិនជាសហរដ្ឋអាមេរិក ហ៊ានប្រើប្រាស់កម្លាំងយោធាលើអ្នកជិតខាងមួយនេះរបស់ខ្លួន ដូចដែលធ្លាប់បាននៅអំឡុងសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។
គួរបញ្ជាក់ថា បើទោះជាចិនបានចូលរួមជាមួយសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងក៏ដោយ ក៏ប៉ុន្តែទីក្រុងប៉េកាំង ក៏បានព្រមានដែរជុំវិញការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង ហើយថែមទំាងអះអាងថា នឹងមិនបណ្ដោយឱ្យប្រទេសណាមួយបំផ្លាញសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់ខ្លួនជាដាច់ខាត៕