(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងបានជញ្ជូនមីស៊ីលប្រដេញប្រឆាំងនាវាចំនួនពីរគ្រាប់ ទៅលើកប៉ាល់ល្បាតដែនសមុទ្ររបស់ខ្លួន នៅឆ្នេរភាគខាងកើតនៃប្រទេស។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Fox News ដែលទទួលបានប្រភពពីមន្រ្តីរដ្ឋាភិបាលអាមេរិក មីស៊ីលប្រភេទ Stormpetel ចំនួនពីរគ្រាប់ ត្រូវបានជញ្ជូនទៅលើនាវាល្បាតមួយគ្រឿង នៅឯតំបន់ Toejo Dong នៃឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃមុន ជាទីដែលទីស្នាក់ការរបស់កងទ័ពជើងទឹកភាគខាងកើតរបស់កូរ៉េខាងជើងតាំងនៅ ហើយប្រការនេះបានឲ្យជាតំរុយថា អាចនឹងមានការធ្វើតេស្តមីស៊ីលនាពេលឆាប់ៗខាងមុខនេះ ដោយសម្អាងថាសកម្មភាពគួរឲ្យសង្ស័យស្រដៀងគ្នានេះ បានកើតឡើងនៅប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះ កាលពីឆ្នាំ២០១៤។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តគាំទ្រជាឯកច្ឆ័ន្ទ ចំពោះសេចក្តីសម្រេចលេខ ២៣៧១ ដើម្បីរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលកាលពីខែកក្កដា របស់ទីក្រុងព្យុងយ៉ាង។ វិធានការដាក់កំហិតថ្មីនេះ មានគោលដៅទៅលើការនាំចូលធ្យូងថ្ម, ដែក, រ៉ែដែក, សំណ, និងគ្រឿងសមុទ្រពីប្រទេសកូរ៉េខាងជើង ទៅកាន់បណ្តាសមាជិករបស់ UN៕