(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃចន្ទនេះ បានអំពាវនាវយ៉ាងទទូចដល់ជនរួមជាតិវេណេស៊ុយអេឡាទាំងអស់ បន្ធូរបន្ថយភាពតានតឹង និងងាកទៅរកការចរចាគ្នាដោយសន្តិវិធីវិញ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅក្នុងសង្គមនៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើអ្នកនាំពាក្យរបស់ លោក Guterres ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
អ្នកនាំពាក្យប្រមុខដឹកនាំ UN លោក Stephane Dujarric នៅពេលត្រូវបានចោទសួរអំពីស្ថានការណ៍វិវឌ្ឍន៍ចុងក្រោយបំផុត នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានឆ្លើយតបថា «នៅក្នុងតំណាក់កាលដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសនេះ លោក Guterrest សូមអំពាវនាវដល់ជនរួមជាតិវេណេស៊ុយអេឡាទាំងអស់ ឲ្យធ្វើការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយភាពតានតឹង ហើយងាកទៅរកការចរចាផ្នែកនយោបាយដោយសន្តិវិធី»។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើង រវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករប្រឆាំងនឹង ការបោះឆ្នោតបង្កើតសភាធម្មនុញ្ញថ្មីនោះ បានបណ្តាលឲ្យមនុស្សច្រើនជាង ១២០នាក់ ហើយបាត់បង់ជីវិត៕