(ការ៉ាកាស់)៖ ការបង្រ្កាបរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា កំពុងតែបង្កការគំរាមកំហែង ដែលអាចជម្រុញកម្លាំងយោធា ឲ្យទៅចូលរួមក្នុងចលនាធ្វើបាតុកម្ម និងងាកទៅបង្កើតជាកងកម្លាំងឯករាជ្យ ឬមួយក៏ក្រុមឧទ្ទាម នៅក្នុងប្រទេសដែលសម្បូរហូរហៀរទៅដោយអាវុធមួយនេះ នាពេលអនាគតខាងមុខ។ នេះបើតាមអ្នកវិភាគនយោបាយមួយរូប ឈ្មោះ Luis Vicente Leon ដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
លោក Leon បានថ្លែងថា «ស្របពេលដែលរដ្ឋាភិបាលវេណេស៊ុយអេឡា ចាប់ផ្តើមប្រកាន់យកសកម្មភាពជ្រុលនិយម ក្រុមទាំងនេះទំនងជានឹងរីកធំធាត់ឡើង ហើយនាពេលអនាគត អាចនឹងមានផ្ទុះជម្លោះប្រដាប់អាវុធទាំងស្រុងតែម្តង នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ»។ យ៉ាងណាមិញ លោក Leon ពុំបានរៀបរាប់បន្ថែមឲ្យលម្អិតនោះឡើយ តែអ្នកវិភាគស្ថានការណ៍នយោបាយដទៃទៀត ក៏បានលើកឡើងអំពីការគំរាមកំហែង នៃសង្រ្គាមស៊ីវិល នៅក្នុងប្រទេសវេណេស៊ុយអេឡាផងដែរ។
ដោយឡែក បើតាមទិដ្ឋភាពជាក់ស្តែងនាពេលកន្លងមកនេះ ការធ្វើរដ្ឋប្រហារយោធា ដើម្បីទម្លាក់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ហាក់បីដូចជាពុំអាចទៅរួចនោះឡើយ ដោយវាពុំមានសញ្ញាណាមួយបង្ហាញពីការបែកបាក់គ្នារវាង លោក Maduro និងមេដឹកនាំយោធា ដែលនៅតែបន្តប្រកាសគាំទ្ររូបលោកជាសាធារណៈឡើយ។
ទោះជាបែបនេះក្តី មេដឹកនាំការវាយប្រហារកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លើមូលដ្ឋានយោធាមួយកន្លែងរបស់វេណេស៊ុយអេឡា គឺឧក្រិដ្ឋជនដែលជាអតីតមន្រ្តីកងឆ្មាំការពារជាតិវេណេស៊ុយអេឡាមានឈ្មោះថា Juan Carlos Caguaripano បានធ្វើការអំពាវនាវដល់បងប្អូនរួមអាវុធរបស់ខ្លួន ឲ្យលែងគោរពតាមបញ្ជារបស់បណ្តាមេដឹកនាំយោធាតទៅទៀត។ ជាមួយគ្នានេះ លោក Oscar Perez ដែលជាអាកាសយានិកនៃឧទ្ធម្ភាគចក្រប៉ូលិសមួយរូប ដែលបានបើកការវាយប្រហារទៅលើអគាររដ្ឋាភិបាល ក្នុងរដ្ឋធានីការ៉ាកាស់កាលពីខែមិថុនាកន្លងទៅ បាននិយាយថា ខ្លួនកំពុងតែបន្តការប្រយុទ្ធតស៊ូនេះថែមទៀត ស្របពេលដែលកំពុងស្ថិតក្នុងការរត់គេចខ្លួន។ ម៉្យាងវិញទៀត ប្រជាជនវេណេស៊ុយអេឡាមួយចំនួន ក៏បានបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះសកម្មភាពបះបោរយោធាផងដែរ។
គួរបញ្ជាក់ថា មនុស្សច្រើនជាង១២០នាក់ បានបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលបួនខែ នៃការធ្វើបាតុកម្មដ៏កក្រើក ដែលបានទទួលបរាជ័យក្នុងការរារាំង ការបោះឆ្នោតដើម្បីបង្កើតសភាធម្មនុញ្ញថ្មី កាលពីខែមុន៕