(តេហេរ៉ង់)៖ ក្រុមហ៊ុនអ៊ីរ៉ង់ចំនួនពីរនាថ្ងៃចន្ទនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនផលិតរថយន្ត Renault របស់ប្រទេសបារាំង ដើម្បីផលិតរថយន្តចំនួន ១៥០,០០០គ្រឿង។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ IRNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
ការផលិតរថយន្តនេះ នឹងចាប់ផ្តើមប្រព្រឹត្តទៅនាឆ្នាំ២០១៨ ហើយវាត្រូវគេរំពឹងថា នឹងបង្កើតការងារប្រមាណ ៣,០០០កន្លែង សម្រាប់ក្រុមហ៊ុនអ៊ីរ៉ង់ទាំងពីរនេះ រួមមានក្រុមហ៊ុន IDRO និងក្រុមហ៊ុនឯកជន Negin Group ខណៈក្រុមហ៊ុន Renault មានភាពជាដៃគូ ៦០ភាគរយ នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ៧៧៨លានដុល្លារនេះ។
ដោយឡែកកាលពីឆ្នាំ២០១៦វិញ ក្រុមហ៊ុនផលិតរថយន្តបារាំងឈ្មោះ PSA Peugeot Citroen ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Khodro របស់អ៊ីរ៉ង់ ដើម្បីបើករោងចក្រផលិតយានជំនិះឲ្យបាន ២០០,០០០គ្រឿង ក្នុងមួយឆ្នាំៗផងដែរ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មានសព្វថ្ងៃនេះអាចផលិតរថយន្តបានប្រហែល ១,៣៥០,០០០គ្រឿង ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែអាជ្ញាធរសង្ឃឹមថា ចំនួននេះនឹងកើនដល់បីលានគ្រឿងជារៀងរាល់ឆ្នាំនៅមុនឆ្នាំ២០២៥៕