(សេអ៊ូល)៖ កូរ៉េខាងជើង បានចេញមុខថ្កោលទោសយ៉ាងខ្លាំងប្រឆាំងនឹងដំណោះស្រាយដាក់ទណ្ឌកម្មថ្មី ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះបីជាបងធំរបស់ខ្លួនគឺចិន បានស្នើឱ្យប្អូនម្នាក់នេះគោរពតាមសេចក្ដីសម្រេច និងគួរតែមានភាពវ័យឆ្លាតនៅក្នុងការសម្រេចចិត្តក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
កូរ៉េខាងជើងនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានព្រមានសងសឹកនឹងសហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមបោះបង់ចោលគោលនយោបាយ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ ដោយឡែក នៅថ្ងៃចន្ទនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយាថា លោកអាចនឹងអង្គុយ ហើយពិភាក្សាជាមួយកូរ៉េខាងជើង នៅពេលវេលាសាកសមណាមួយ ប៉ុន្តែដំបូងគេបង្អស់ កូរ៉េខាងជើងត្រូវតែឈប់ធ្វើតេស្ដមីស៊ីលជាមុនសិន បើសិនជាចង់ចរចាជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើទណ្ឌកម្មនៃដំណោះស្រាយលេខ ២៣៧១ ប្រឆាំងនឹងកូរ៉េខាងជើងសម្រាប់ ការបាញ់មីស៊ីលផ្លោង ICBM ទាំងពីរលើកកាលពីខែកក្កដា កន្លងទៅ។ ទណ្ឌកម្មនេះ គឺមានគោលបំណងកាត់បន្ថយប្រាក់ចំណូលប្រចាំឆ្នាំជាង ០៣ពាន់លានដុល្លារ នៃការនាំចេញរបស់ កូរ៉េខាងជើង ក្នុងនោះរួមមានទំាងការហាមឃាត់ការនាំចេញ ធ្យូងថ្ម ដែក រ៉ែដែក ទង់ដែងជាដើម ព្រមទំាងអំពាវនាវឱ្យមានការកាត់បន្ថយចំនួនពលករកូរ៉េខាងជើងនៅឯបរទេសក៏ដូចជាដាក់កំហិតលើការបង្កើតក្រុមហ៊ុន និងការវិនិយោគនៅតាមបណ្ដាក្រុមហ៊ុនជាមួយកូរ៉េខាងជើងផងដែរ។ ក៏ប៉ុន្តែ នៅក្នុងដំណោះស្រាយដាក់ទណ្ឌកម្មថ្មីនេះ មិនមានការរឹតបន្តឹងការនាំចេញប្រេង ទៅកាន់ទីក្រុងព្យុងយ៉ាងនោះទេ ដោយហេតុថា ចិន និងរុស្ស៊ី ខ្លាចក្រែងថា វាអាចនឹងធ្វើឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសកូរ៉េខាងជើង៕