តោះ! អញ្ជើញទស្សនា «ច័ន្ទគ្រាសនៅយប់ថ្ងៃចន្ទនេះ» ដែលប្រជាជនកម្ពុជាអាចមើលឃើញផងដែរ
07-08-2017 15:05
(បរទេស)៖ ស្របពេលដែលមនុស្សគ្រប់គ្នា ជាពិសេសអ្នកនៅសហរដ្ឋអាមេរិក កំពុងទន្ទឹងរង់ចាំសូរ្យគ្រាស ដែលនឹងកើតមានឡើងនៅថ្ងៃទី២១ ខែសីហានេះ អ្នកប្រហែលជាពុំបានដឹង ឬក៏ចាប់អារម្មណ៍ទេថា ព្រឹត្តិការណ៍តារាសាស្រ្តមួយផ្សេងទៀតដែលជាគូនឹងគ្នានោះ នឹងកើតឡើងផងដែរនាពេលឆាប់ៗនេះ គឺច័ន្ទគ្រាស ដែលនឹងលេចឡើងនាថ្ងៃទី០៧ និងទី០៨ ខែសីហានេះហើយ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Geekday នៅរសៀលថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
ចំណែកទីតាំងដែលអាចមើលឃើញវាវិញនោះ គឺគ្រប់ទីកន្លែងទាំងអស់ឲ្យតែពេលយប់ លើកលែងតែទ្វីបអាមេរិក ដោយសារច័ន្ទគ្រាសផ្តល់ភាពងាយស្រួល ក្នុងការមើលឃើញជាងសូរ្យគ្រាស។ ប្រសិនបើអ្នកស្ថិតនៅតំបន់អាស៊ីខាងត្បូង, អាស៊ីខាងកើត, អឺរ៉ុប, អាហ្រ្វិក, ឬអូស្រ្តាលី អ្នកមានឱកាសខ្ពស់ជាងអ្នកនៅតំបន់ដទៃទៀត ដើម្បីអាចមើលឃើញព្រឹត្តិការណ៍ច័ន្ទគ្រាស នាថ្ងៃទី០៧ និងទី០៨ ខែសីហានេះ។
ដោយឡែកសម្រាប់ពេលវេលាវិញ ដោយគិតតាមម៉ោង UTC ព្រះច័ន្ទនឹងចាប់ផ្តើមលែងទទួលបានពន្លឺ នៅម៉ោងប្រមាណ ៣៖៥០នាទីរសៀល ថ្ងៃទីចន្ទ ទី០៧ ខែសីហានេះ ខណៈច័ន្ទគ្រាសមួយចំណិត នឹងកើតឡើងនៅចន្លោះម៉ោង ៥៖២២នាទីល្ងាច និង ៧៖១៨នាទីយប់ថ្ងៃដដែល។ ដូច្នេះព្រឹត្តិការណ៍ច័ន្ទគ្រាស នឹងចាប់ផ្តើមនៅម៉ោង ១២៖០០នាទី យប់ថ្ងៃចន្ទនេះនៅប្រទេសកម្ពុជាយើង។
គួរបញ្ជាក់ថា នៅយប់នេះគឺនៅកម្ពុជានឹងមើលឃើញព្រះច័ន្ទបូរមី ចាប់ពីព្រះច័ន្ទរះពេលព្រលប់ទៅ រហូតដល់ពាក់កណ្តាលយប់ទើបកើតមានច័ន្ទគ្រាស ប៉ុន្តែវាមិនមែនជាច័ន្ទគ្រាសពេញលក្ខណៈ (បាត់ស្រមោលទាំងមូល) នោះឡើយ ដោយមួយផ្នែកប៉ុណ្ណោះនៃព្រះច័ន្ទ ដែលនឹងត្រូវស្រមោលផែនដី លេបត្របាក់បន្តិចម្តងៗ រហូតដល់ម៉ោងជាង ២៖០០នាទីយប់។
គួរបញ្ជាក់ថា ច័ន្ទគ្រាសកើតឡើងនៅពេលដែលព្រះច័ន្ទ ផែនដី និងព្រះអាទិត្យត្រួតស៊ីគ្នា ហើយផែនដីជាអ្នកស្ថិតនៅចំណុចកណ្តាល ទើបស្រមោលផែនដីត្រូវជះទៅលើផ្ទៃព្រះច័ន្ទ ដែលនាំព្រះច័ន្ទបាត់បង់ពន្លឺ ឬមិនអាចទទួលពន្លឺពីព្រះអាទិត្យបាន៕