(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានអះអាងរួមគ្នាថា កូរ៉េខាងជើងកំពុងតែបង្កការគំរាមកំហែងដោយផ្ទាល់ ខ្លាំងក្លាមែនទែនហើយ នៅមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានអនុម័តគាំទ្រទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន SBS កូរ៉េខាងត្បូង នៅរសៀលថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
សេតវិមានអាមេរិកបានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ មេដឹកនាំនៃប្រទេសទាំងពីរ បានបញ្ជាក់ឡើងវិញជាថ្មីម្តងទៀតថា កូរ៉េខាងជើងកំពុងតែបង្កការគំរាមកំហែងដោយផ្ទាល់ចំៗ ក្នុងកម្រិតខ្លាំងក្លាមែនទែនហើយ ចំពោះសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀត ជុំវិញសាកលលោក។ នាឱកាសនោះ លោក ត្រាំ និងលោក មូន បានប្តេជ្ញាថា នឹងអនុវត្តន៍យ៉ាងពេញទំហឹង លើសេចក្តីសម្រេចទណ្ឌកម្ម ដែលពាក់ព័ន្ធទាំងអស់ និងស្នើដល់សហគមន៍អន្តរជាតិ ឲ្យធ្វើយ៉ាងដូច្នេះដូចគ្នាដែរ។
គួរបញ្ជាក់ថា ក្នុងគោលបំណងប៉ុនប៉ងឲ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលរបស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងសំឡេង ១៥ទល់នឹងសូន្យ សំដៅកាត់បន្ថយប្រាក់ចំណូលពីបរទេសរបស់ទីក្រុងព្យុងយ៉ាង ដែលរកបានពីវិស័យនាំចេញ៕