(អ៊ីស្រាអែល)៖ អ៊ីស្រាអែលគ្រោងនឹងបិទការិយាល័យ សាខារបស់ស្ថានីយ៍ទូរទស្សន៍ Al Jazeera ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកាតាចោល ហើយដកសិទ្ធិទទួលស្គាល់ផ្នែកសារព័ត៌មាន របស់អ្នកកាសែតនៃបណ្តាសារព័ត៌មានកាតានេះ រាប់សិបនាក់ថែមទៀតផង។ នេះបើតាមក្រសួងទូរគមនាគមន៍របស់អ៊ីស្រាអែល លោក Ayoub Kara ដកស្រង់សម្តីដោយសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងហ្សេរុយសាឡឹម ដែលទីភ្នាក់ងារ Al Jazeera ត្រូវបានហាមឃាត់មិនឲ្យចូលរួមនោះ លោក Ayoub Kara បានប្រកាសថា «យើងបានសម្រេចចិត្តបិទការិយាល័យរបស់ សារព័ត៌មាន Al Jazeera និងហាមឃាត់បណ្តាផ្សព្វផ្សាយរបស់ពួកគេ ដោយសារស្ថានីយ៍ទូរទស្សន៍នេះ កំពុងត្រូវក្រុមមួយចំនួនប្រើប្រាស់ ដើម្បីញុះញង់ឲ្យផ្ទុះអំពើហិង្សា»។
លោក Kara រំពឹងថា សភាអ៊ីស្រាអែលនឹងធ្វើការពិចារណាចំពោះសំណើរបស់លោក នៅក្នុងសម័យប្រជុំបន្ទាប់នាពេលខាងមុខ ក៏ប៉ុន្តែវិធានការប៉ុនប៉ងបិទការិយាល័យស្ថានីយ៍ទូរទស្សន៍ Al Jazeera នេះ ទំនងជាមិនអាចកើតឡើងនាពេលឆាប់ៗនេះឡើយ ដោយមន្រ្តីរដ្ឋាភិបាលអ៊ីស្រាអែលមួយរូបបានឲ្យដឹងថា សំណើរនេះ ត្រូវតែឆ្លងកាត់នីតិវិធីច្បាប់ជាច្រើនដំណាក់កាលថែមទៀត។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា រូបលោក នឹងចាត់វិធានការ ដើម្បីបិទការិយាល័យរបស់បណ្តាញសារព័ត៌មាន Al Jazeera នៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានចោទប្រកាន់ថា ស្ថានីយ៍ទូរទស្សន៍នេះបានញុះញង់ឲ្យផ្ទុះអំពើហិង្សានៅក្នុងទីក្រុងហ្សេរុយសាឡឹម រួមទាំងនៅទីសក្ការៈបូជាដ៏ពិសិដ្ឋមួយកន្លែង របស់ជនមូស្លីម និងជ្វីបថែមទៀតផង៕