(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានច្រានចោលសំណើចង់បើកការសន្ទនារបស់កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះដោយថា វាខ្វះខាតភាពប្រាកដប្រជាក៏ដូចជាភាពស្មោះត្រង់ ក្នុងអំឡុងជំនួបក្រៅផ្លូវការដ៏ខ្លីមួយជាមួយ ប្រមុខការទូតរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល នាឱកាសចូលរួមវេទិកាសន្តិសុខអាស៊ាន ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមប្រភពពីមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានសំដៅទៅលើសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពីខែកក្កដាកន្លងទៅ ដែលចង់បើកកិច្ចចរចាយោធា ដើម្បីកាត់បន្ថយភាពតឹងនៅតាមព្រំដែន រួមទាំងបើកកិច្ចប្រជុំកាកបាតក្រហម ដើម្បីបន្តប្រាព្ធពិធីជួបជុំជូនក្រុមគ្រួសារសាច់ញាតិ ដែលបានព្រាត់ប្រាស់គ្នាដោយសារតែសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ហើយកូរ៉េខាងជើង មិនបានឆ្លើយតបចំពោះសំណើនេះឡើយ។ លោក Ri បានធ្វើការលើកឡើងខាងលើ ជាការឆ្លើយតបចំពោះការទាមទាររបស់ លោកស្រី Kang ឲ្យទីក្រុងព្យុងយ៉ាង ផ្តល់ចម្លើយឲ្យបានឆាប់រហ័ស តាមតែអាចធ្វើទៅបាន។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho និងសមភាគីកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានជួបមុខគ្នាសម្រាប់រយៈពេលបីនាទី នៅឯពីធីពិសាភោជនីយ៍អាហារពេលល្ងាចផ្លូវការមួយ រៀបចំឡើងសម្រាប់បណ្តាប្រមុខការទូត ដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយចំនួន របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឯប្រទេសហ្វីលីពីន។ បើតាមប្រភពពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ជំនួបរវាងប្រមុខការទូតនៃប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងដោយឥតព្រាងទុកនោះឡើយ៕