(ស្កុបជេ)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅភាគខាងលិចប្រទេសម៉ាសេដូន (Macedonia) បានបង្ខំអាជ្ញាធរនៃប្រទេសអឺរ៉ុបមួយនេះ ឲ្យប្រកាសដាក់ទីក្រុងចំនួនពីរ ដែលងាយនឹងទទួលរងគ្រោះជាងគេ នៅក្រោមការប្រកាសអាសន្នរយៈពេលរហូតដល់ ៣០ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីមហាផ្ទៃម៉ាសេដូន លោក Oliver Spasovksi នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រាប់សាធារណជនទាំងអស់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ដោយរដ្ឋាភិបាល ហើយសុំកុំឲ្យមានភាពជ្រួលច្របល់ថ្វី។ លោករដ្ឋមន្រ្តីបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលម៉ាសេដូន បានសម្រេចធ្វើប្រកាសអាសន្ននេះ នៅក្នុងទីក្រុង Makedonski Brod និង Caska ដែលនៅភាគខាងលិចប្រទេស ដើម្បីតែសម្រួលដល់ការងាររបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការពន្លត់អគ្គីភ័យដ៏សម្បើមនេះ។
យោងតាម លោក Spasovksi ស្ថានការណ៍នៅក្នុងទីក្រុងទាំងពីរខាងលើ គឺពុំមែនមិនអាចគ្រប់គ្រងបាននោះឡើយ ក៏ប៉ុន្តែវិធានការនេះត្រូវបានដាក់ចេញក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលរបស់អណ្តាតភ្លើងឆេះព្រៃ ស្របពេលដែលការកើនឡើងសីតុណ្ហភាព ត្រូវគេរំពឹងថា នឹងនៅតែបន្ត។ ម៉្យាងវិញទៀត លោក Spasovksi បានពន្យល់ថា ប្រសិនបើពុំមានការប្រកាសអាសន្ននេះទេនោះ ទីក្រុងទាំងពីរនឹងត្រូវតែប្រយុទ្ធតតាំងជាមួយភ្លើងឆេះព្រៃ ដោយខ្លួនពួកគេផ្ទាល់ ក៏ប៉ុន្តែនៅពេលដែលយើងសម្រេចប្រកាសអាសន្នបែបនេះ គ្រប់គ្រឹះស្ថាន និងទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ នឹងចូលរួមដោះស្រាយស្ថានការណ៍នេះ។
គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គីភ័យ និងកងទ័ពជាច្រើននាក់ កំពុងតែបន្តព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅតាមតំបន់ជាច្រើនខុសៗគ្នា នៅក្នុងប្រទេសម៉ាសេដូន ហើយតួកគី និងប៊ុលហ្គារី ក៏បានមកជួយទប់ទល់ស្ថានការណ៍ភ្លើងឆេះព្រៃនេះផងដែរ៕