(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ី លោក សឺជី ឡាវរ៉ូវ (Sergey Lavrov) នាឱកាសចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាន រៀបចំឡើងក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ខណៈដែលមហាអំណាចយោធាធំបំផុតទាំងពីរលើលោកនេះ កំពុងតែមានបញ្ហាការទូតដ៏ក្តៅគគុក និងបន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
ជំនួបរវាងមន្ត្រីជាន់ខ្ពស់ទំាងពីរអាចនិយាយបានថា គឺជាជំនួបទល់មុខលើកដំបូងបំផុតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ធីល្លឺសុន និងលោក ឡាវរ៉ូវ មិនបានអើពើឡើយចំពោះសំណួរដែលសួរថា តើការដាក់ទណ្ឌកម្មថ្មី អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចពិភាក្សារវាងអ្នកទំាងពីរដែរ ឬទេ ដោយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី គ្រាន់តែបញ្ជាក់ថា លោក និងលោក ធីល្លឺសុន បានពិភាក្សាគ្នាលើបញ្ហា ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសេតវិមានបានសម្ដែងការសាទរដល់ កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ី ដែលជួយជំរុញទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអនុម័តឡើង ជាការឆ្លើយតបទៅការបាញ់សាកល្បងមីស៊ីលផ្លោង ICBM ទំាងពីរលើកកាលពីខែកក្កដា៕