(កាណាដា)៖ យន្តហោះដឹកអ្នកដំណើរចំនួនពីរគ្រឿង បានប្រទាក់ស្លាបគ្នានៅឯអាកាសយានដ្ឋានអន្តរជាតិ Pearson ក្នុងទីក្រុង Toronto នៃខេត្ត Ontario ប្រទេសកាណាដា កាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែពុំមាននរណាម្នាក់បានរងរបួស ឬក៏បង្កបញ្ហាធំដុំនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
យន្តហោះរបស់អាកាសចរណ៍ Air Canada មានផ្ទុកអ្នកដំណើរចំនួន ២៨៦នាក់ ដែលទើបតែមកដល់ពី Dominica នៅតំបន់ការីបៀន បានទៅប៉ះគ្នាជាមួយយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ប៉ូឡូញ LOT Polish Airlines មួយគ្រឿងទៀត ដោយយន្តហោះ Boeing 787 របស់អាកាសចរណ៍ប៉ូឡូញ នាពេលនោះ បានស្ថិតនៅច្រកទ្វារនៃចំណតរង់ចាំ ដើម្បីទទួលអ្នកដំណើរ ហើយស្រាប់តែចុងស្លាបរបស់វាត្រូវបានបុកដោយចុងស្លាបយន្តហោះ Boeing 767-300 របស់អាកាសចរណ៍កាណាដា ដែលបានព្យាយាមចតនៅក្បែរនោះ។
គួរបញ្ជាក់ថា បើតាមការឲ្យដឹងពីអាជ្ញាធរប្រចាំអាកាសយានដ្ឋាន Pearson អ្នកដំណើរទាំងអស់ បានចុះពីលើយន្តហោះទាំងពីរគ្រឿងដោយសុវត្ថិភាព ខណៈជើងហោះហើរប៉ូឡូញ ដែលមានគោលដៅពីទីក្រុង Toronto ទៅកាន់ទីក្រុង Warsaw ត្រូវបានលុបចោលវិញ ហើយអ្នកដំណើររបស់យន្តហោះនោះទាំងប៉ុន្មាន ត្រូវបានស្នើឲ្យស្នាក់នៅសណ្ឋាគារមួយកន្លែង ដើម្បីរង់ចាំធ្វើដំណើរតាមជើងហោះហើរផ្សេងទៀត។ ដោយឡែក ហេតុការណ៍ប៉ះទង្គិចគ្នានេះ ក៏ត្រូវបានស៊ើបអង្កេតផងដែរ៕