(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានទាត់ចោលសេចក្ដីរាយការណ៍ដែលថា លោកកំពុងរៀបចំខ្លួនចូលរួមប្រកួតប្រជែង ជាបេក្ខភាពប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ហើយថែមទាំងបានចាត់ទុកថា សេចក្ដីរាយការណ៍នេះថា ជារឿងមួយដ៏អាម៉ាស់ និងជាការរំលោភបំពាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
ប្រតិកម្មរបស់ លោក Mike Pence ធ្វើឡើងបន្ទាប់ពីកាសែត New York Times បានចុះផ្សាយអត្ថបទមួយ ដោយនិយាយថា គណបក្សសាធារណរដ្ឋកំពុងរៀបចំក្រុមយុទ្ធនាការឃោសនា បោះឆ្នោតស្រមោលគ្មានវត្តមានប្រធានាធិបតិអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ ទីប្រឹក្សាជាច្រើននាក់របស់ លោក Mike Pence ក៏បានប្រាប់ក្រុមអ្នកឧបត្ថម្ភគណបក្សដែរថា លោក Pence មានគំរោងចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក នៅអាណត្តិក្រោយ បើសិនជាគ្មានវត្តមាន លោក ត្រាំ។
ជុំវិញបញ្ហាដ៏រសើបអនុប្រធានាធិបតីអាមេរិករូបនេះ បានទាត់ចោលសេចក្ដីរាយការណ៍របស់ New York Time ដោយចាត់ទុកថា វាជារឿងមួយដ៏អាម៉ាស់ និងជាការរំលោភបំពាន ព្រមទាំងមានបំណងបំបែកបំបាក់រដ្ឋបាល ដូណាល់ ត្រាំ តែប៉ុណ្ណោះ ត្បិតលោកគ្មានគំរោងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០នោះទេ។
គួរបញ្ជាក់ថា បើតាម New York Times ភាពវឹកវរនៅក្នុងសេតវិមាន ជាពិសេសដោយសារតែការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ មានទំនាក់ទំនងជាមួយរុស្ស៊ីបានជំរុញឱ្យក្រុមមន្ត្រីជាន់ខ្ពស់ គណបក្សសាធារណរដ្ឋមួយចំនួន បាននិងកំពុងចាត់វិធានការក្នុងលើកស្ទួយរដ្ឋបាលថ្មី ដោយមិនមានវត្តមាន លោក ត្រាំ៕