(វ៉ាស៊ីនតោន)៖ សេតវិមាន បានសម្ដែងការសារទរចំពោះកិច្ចសហប្រតិបត្តិការរបស់ចិន និងរុស្ស៊ី ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយជាការឆ្លើយតបទៅនឹងទីក្រុងព្យុងយ៉ាង សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ទាំងពីរលើកកាលពីខែកក្កដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមាន បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតី (ដូណាល់ ត្រាំ) ពិតជាពេញចិត្តនឹងកិច្ចសហប្រតិបត្តិការពីសំណាក់ចិននិងរុស្ស៊ី ក្នុងការជំរុញ ឱ្យទណ្ឌកម្មនេះត្រូវបានអនុម័ត...ហើយគាត់ (លោកត្រាំ) នឹងបន្តធ្វើការងារជាមួយសម្ព័ន្ធមិត្ត និងដៃគូរទំាងអស់ ដើម្បីបង្កើនការដាក់សម្ពាធទំាងផ្លូវការទូត និងសេដ្ឋកិច្ចប្រឆាំងនឹង កូរ៉េខាងជើង រហូតទាល់តែទីក្រុងព្យុងយ៉ាង បោះបង់ចោលការគំរាមកំហែង និងទង្វើបង្កអស្ថេរភាព»។
គួរបញ្ជាក់ថា ទណ្ឌកម្មនៃដំណោះស្រាយលេខ ២៣៧១ ដែលត្រូវបានអនុម័តកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) គឺមានគោលបំណងកាត់បន្ថយចំណូលប្រចាំឆ្នាំជាង៣ពាន់ លានដុល្លារ នៃការនាំចេញរបស់កូរ៉េខាងជើង ក្នុងនោះរួមមានទំាងការហាមឃាត់ការនាំចេញ ធ្យូងថ្ម ដែក រ៉ែដែក ទង់ដែង ជាដើម។ ជាងនេះទៅទៀត ទណ្ឌកម្មថ្មីនេះ ក៏បានអំពាវនាវឱ្យមាន ការកាត់បន្ថយចំនួនពលករកូរ៉េខាងជើងនៅឯបរទេស ក៏ដូចជាដាក់កំហិតលើការបង្កើតក្រុមហ៊ុន និងការវិនិយោគនៅតាមបណ្ដាក្រុមហ៊ុនជាមួយកូរ៉េខាងជើងផងដែរ ក៏ប៉ុន្តែប្រសិទ្ធិភាព នៃការអនុវត្តដំណោះស្រាយនេះ នូវមិនទាន់អាចរំពឹងទុកពីលទ្ធផលបាននៅឡើយទេ ខណៈកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង កាន់តែដើរទៅមុខ៕