(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក Leopoldo Lopez ត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់ទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញហើយ បន្ទាប់ពីបានជាប់ឃុំក្នុងពន្ធ នាគារ អស់រយៈពេលបីថ្ងៃមកនេះ។ នេះបើតាមភរិយារបស់លោក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧។
លោក Leopoldo Lopez ត្រូវបានអាជា្ញធរនៃរដ្ឋាភិបាលលោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ ចាប់និងឃុំខ្លួ បន្ទាប់ពីលោកបានអំពាវនាវឱ្យប្រជាជនវេណេស៊ុយអេឡាចូលរួមធ្វើបាតុកម្មតវ៉ា សាជាថ្មីប្រឆាំងនឹងលទ្ធផលបោះឆ្នោតសភាធម្មនុញ្ញកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ដោយឡែក ពាក់ព័ន្ធនឹងការបង្កើតសភាធម្មនុញ្ញដ៏ចម្រូងចម្រាស់នេះ សូម្បីតែសម្ដេចសង្ឃកាតូលិក ប៉ាបហ្រ្វង់ស៊ីស ក៏បានជំរុញឱ្យលោកម៉ាឌូរ៉ូ ផ្អាកពិធីតែងតំាងសមាជិកសភាទំាងនេះដែរ ក៏ប៉ុន្តែនៅទីបំផុត សភាធម្មនុញ្ញ នៅតែបើកសម័យប្រជុំរបស់ខ្លួនដដែលកាលពីថ្ងៃសុក្រ បើទោះជាសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក ថ្កោលទោសយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ថា សភាធម្មនុញ្ញថ្មីរបស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ មានអំណាចលើសលុបក្នុងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ ព្រមទាំងរំលាយសភាគ្រប់គ្រងដោយគណបក្សប្រឆាំងចោល ទៀតផង។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ក្រុមអ្នកជំនាញជាច្រើនយល់ថាដោយសារតែសភាធម្មនុញ្ញនេះ ប្រទេសវេណេស៊ុអេឡា អាចនឹងជួបភាពវឹកវរកាន់តែខ្លាំង ខណៈមនុស្ស ជាង១២០នាក់ហើយ បានបាត់បង់ជីវិត នៅអំឡុងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ អស់រយៈពេលេះជាង០៤ខែមកនេះ៕