(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យ៉ី នៅថ្ងៃអាទិត្យនេះ បានិយាយថា កិច្ចចរចារវាងសមាគមអាស៊ាន និងចិន ស្ដីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នឹងចាប់ផ្ដើមដំណើរការ នៅក្នុងឆ្នាំ២០១៧នេះ ហើយថារាល់កិច្ចព្រមព្រៀងដែលបានអនុម័តទំាងអស់ ត្រូវតែគោរពតាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នាឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបទេសមកពីប្រទេសចំនួន២៧ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក វ៉ាង យ៉ី បានគូសបញ្ជាក់ដូច្នេះថា៖« វាពិតជាមានការរីកចំរើនទៅមុខយ៉ាងពិតប្រាកដ រវាងប្រទេសអាស៊ានទំាង១០ និងចិន ក្នុងការផ្សះផ្សាជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយភាគីទំាងអស់ក៏ពេញចិត្តនឹងការរីចំរើន នេះដែរ...អាស៊ាននិងចិន បានឯកភាពគ្នាលើការធ្វើការងារថាតើធ្វើយ៉ាងណា ដើម្បីបង្កើតច្បាប់មួយឡើង ស្របពេលស្ថានភាពវាងប្រទេសជាភាគីជម្លោះមានភាពខុសគ្នាខ្លាំងដោយវាមាន ភាពធូរស្រាល បើធៀបទៅនឹងឆ្នាំមុនៗ ដែលនេះគឺជាអំណោយផលសម្រាប់ការរក្សាស្ថេរភាពនៅក្នុងតំបន់»។
គួរបញ្ជាក់ថា ចិនបានទាមទារគ្រប់គ្រងស្ទើតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង រីឯវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ ក៏បានទាមទារចំណែករៀងៗខ្លួនផងដែរ ខណៈ ក្រុមអ្នកជំនាញខ្លះយល់ថាជម្លោះនៅតំបន់សមុទ្រខាងត្បូង អាចនឹងអូសទាញឱ្យចិន និងសហរដ្ឋអាមេរិក ប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅថ្ងៃណាមួយ។ ជាក់ស្ដែងកាលពីកក្កដា កន្លងទៅ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាពិឃាតរបស់ខ្លួន ទៅកាន់តំបន់ជម្លោះក្បែរកោះសម្បនិម្មិតសាងសង់ឡើងដោយចិន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាទីក្រុងប៉េកាំង បានព្រមានប្រើកម្លំាង យោធា រហូតធ្វើឱ្យវៀតណាមត្រូវបង្ខំចិត្តផ្អាកគំរោងរុករកឧស្ម័ន នៅក្នុងដែនទឹកដែលទីក្រុងហាណូយ អះអាងថាជារបស់ខ្លួន៕