(ការ៉ាកាស់)៖ ឡើងកាន់តំណែងមិនទាន់បានមួយថ្ងៃស្រួលបួលផង សភាធម្មនុញ្ញថ្មីបានជួយសម្រេចបំណងដំបូងគេរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ ទៅហើយ តាមរយៈការបណ្ដេញអគ្គរដ្ឋអាជ្ញា លោកស្រី Luisa Ortega ចេញពីដំណែងកាលពីថ្ងៃសៅរ៍។ សភាធម្មនុញ្ញថ្មីនេះ មានអំណាចលើសលុបក្នុងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ រហូតដល់អាចរំលាយសភាគ្រប់គ្រងដោយគណបក្សប្រឆាំងចោលទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧។
លោកស្រី Luisa Ortega បានក្លាយជាគូរប្រជែងដ៏សំខាន់ប្រឆាំងនឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ ចាប់តាំងពីក្រុមគណបក្សប្រឆាំងបានដឹកនាំការធ្វើបាតុកម្មតវ៉ាទូទំាងប្រទេស កាលពីខែមេសា មក ដែលបណ្ដាលឱ្យមនុស្សច្រើនជាង១២០នាក់ហើយ បានស្លាប់បាត់បង់ជីវិត។ ពួកបាតុករ បានបន្ទោសប្រធានាធិបតីរូបនេះថា អសមត្ថភាពដោយបណ្ដោយឱ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិ សេដ្ឋកិច្ចស្ទើតែមិនអាចស្រោចស្រង់បាន និងបានអំពាវនាវឱ្យលោកចុះចេញពីតំណែង ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ ដោយឡែក នៅក្នុងលិខិតមួយផ្ញើជូនសភា ធម្មនុញ្ញ តុលាការកំពូលបានចោទប្រកាន់លោកស្រី Ortega ថាបានប្រពឹ្រត្តកំហុសឆ្គងធ្ងន់ធ្ងរ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ តែយ៉ាងណាក៏ដោយ ការបញ្ចប់តួនាទី លោកស្រី Ortega ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី បានស្នើឱ្យមានការស៊ើបអង្កេតមួយ លើលទ្ធផលបោះឆ្នោតសភាធម្មនុញ្ញ កាលពីថ្ងៃអាទិត្យ ព្រមទំាងបានរិះគន់ផងដែរដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា អាចមានជាប់ពាក់ព័ន្ធនឹងការលួចបន្លំសន្លឹកឆ្នោត។ ជាងនេះទៅទៀត ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អគ្គរដ្ឋអាជ្ញារូបនេះ បានទាត់ចោលការ បណ្ដេញលោកស្រីពីតំណែង។ លោកស្រី គូសបញ្ជាក់ដូច្នេះថា៖ «នេះជារបបផ្ដាច់ការ។ ខ្ញុំមិនទទួលស្គាល់ឡើយការសម្រេចចិត្តនេះ ...ពីព្រោះថាវាគឺជាទង្វើផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នៃប្រទេស ហើយនេះ គឺជាការធ្វើប្រហាររដ្ឋធម្មនុញ្ញដឹកនាំដោយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ»។
គួរបញ្ជាក់ថា ជាអតីតមេធាវីម្នាក់ និងមានវ័យ៥៩ឆ្នាំ លោកស្រី Luisa Ortega បានឡើងកាន់តំណែងជាអគ្គរដ្ឋអាជ្ញា កាលពីឆ្នាំ២០០៧ រីឯតំណែងបច្ចុប្បន្នរបស់លោកស្រីនឹងត្រូវជំនួស ជាបណ្ដោះអាសន្នដោយ លោក Tarek William Saab។ នេះបើតាមសេចក្ដីប្រកាសរបស់សភាធម្មនុញ្ញ៕