(ការ៉ាកាស់)៖ ស្ថានភាពក្នុងប្រទេសវេណេស៊ុយអេឡា កំពុងធ្លាក់ក្នុងស្ថានភាពយ៉ាប់យឺនជាខ្លាំង ដោយសារវិបត្តិនយោបាយ បង្កជាបាតុកម្មដែលបណ្តាលឱ្យមនុស្សជាច្រើនត្រូវស្លាប់ និងចាប់ខ្លួន ជាពិសេសគឺបង្កឱ្យមានការលូកដៃជ្រៀតជ្រែក ពីសំណាក់មហាអំណាចអាមេរិក ដែលជម្រុញឱ្យស្ថានភាពក្នុងប្រទេសនេះ កាន់តែដុនដាបជាលំដាប់។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ៖
* រដ្ឋធានី៖ Caracas (ការ៉ាកាស់)
* ភាសាផ្លូវការ៖ អេស្ប៉ាញ
* អម្បូរជនជាតិ៖ ជនជាតិ Mestizo ៥១.៦%, ស្បែកស ៤៣.៦%, ស្បែកខ្មៅ ២.៩%, ជនជាតិអាហ្វ្រិក ០.៧%, និងចម្រុះជនជាតិ១.២%
* សាសនា៖ កាតូលិក ៧១%, ប្រូតេស្តង់ ១៧%, អ្នកគ្មានជំនឿលើសាសនា ៨%, សាសនាដទៃទៀត ៣%, ដោយឡែក ១% គ្មានព័ត៌មាន
* រដ្ឋាភិបាល៖ ប្រធានាធិបតីសហព័ន្ធសាធារណរដ្ឋ
* ប្រធានាធិបតី៖ លោក Nicolas Maduro
* អនុប្រធានាធិបតី៖ លោក Tareck El Aissami
* ប្រធានសភាជាតិ៖ លោក Julio Borges
* ថ្ងៃទទួលបានឯករាជ្យ៖ ពីអេស្ប៉ាញថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៨១១ ពីហ្គ្រង់កូឡំប៊ី ថ្ងៃទី១៣ ខែមករា ឆ្នាំ១៨៣០
* ផ្ទៃដីសរុប៖ ៩១៦,៤៤៥គីឡូម៉ែត្រការ៉េ (ជាប់ចំណាត់ថ្នាក់ទី៣៣)
* ផ្ទៃទឹក៖ ០.៣២%
* ចំនួនប្រជាជន៖ ជាង៣១លាននាក់(ឆ្នាំ២០១៦)
* ដង់ស៊ីតេ៖ ៣៣.៧៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ
* GDPសរុប៖ ៤០៤.១០៩ពាន់លានដុល្លារ
១៖ ទីតាំងសណ្ឋានដី និងនយោបាយ
ប្រទេសវេណេស៊ុយអេឡា មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបូលីវីនៃវេណេស៊ុយអេឡា មានទីតាំងស្ថិតនៅឆេ្នរភាគខាងជើង នៃដែនដីទ្វីបអាមេរិកខាងត្បូង។ ប្រទេសនេះមានព្រំប្រទល់ភាគខាងលិចជាប់ប្រទេសកូឡំប៊ី ខាងត្បូងជាប់ប្រេស៊ីល ខាងកើតជាប់ប្រទេសហ្គាយ៉ាណា ព្រមទាំងកោះ Trinidad និងកោះ Tobago។ ប្រទេសនេះជាជម្រកនៃពពួកសត្វ និងរុក្ខជាតិចម្រុះជាច្រើនប្រភេទ (ជាប់ចំណាត់ថ្នាក់ទី៧លើលោក)។
ចាប់តាំងពីឆ្នាំ១៩៥៨ វេណេស៊ុយអេឡាស្ថិតក្រោមការដឹកនាំ របស់រដ្ឋាភិបាលប្រជាធិបតេយ្យ។ ភាពរំជើបរំជួលផ្នែកសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ជាមូលហេតុដែលជម្រុញឱ្យមានវិបត្តិនយោបាយ ព្រមទាំងបង្កជាការធ្វើបាតុកម្មក្នុងឆ្នាំ១៩៨៩ ព្រមទាំងគម្រោងធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៩០ ចំនួនពីរដង។
លើសពីនេះទៅទៀតនោះ គឺការចោទប្រកាន់ទៅលើប្រធានាធិបតី Carlos Andres Perez ពីបទបន្លំប្រាក់នៃមូលនីធិសាធារណៈក្នុងឆ្នាំ១៩៩៣។ ការបាត់បង់ទំនុកចិត្តពីសំណាក់សាធារណជន ទៅលើបក្សនយោបាយក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ និងការកើតមានឡើងនូវបដិវត្តន៍បូឡាវី រួមជាមួយការចាប់ផ្តើមនូវការចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី នៃវេណេស៊ុយអេឡាឆ្នាំ១៩៩៩។ រដ្ឋធម្មនុញ្ញថ្មីនេះបានផ្លាស់ប្តូរជាផ្លាស់ប្តូរឈ្មោះប្រទេសជាផ្លូវការទៅជា សាធារណរដ្ឋបូឡាវីនៃវេណេស៊ុយអេឡា។
២៖ ការគ្រប់គ្រងរដ្ឋបាល
ប្រទេសវេណេស៊ុយអេឡា ប្រកាន់របបសាធារណរដ្ឋសហព័ន្ធ ដែលមាន ២៣រដ្ឋ មានរដ្ឋធានីឈ្មោះ Caracas។ ប្រទេសនេះជាប្រទេសដែលធ្វើនគររូបនីយកម្មខ្ពស់បំផុត ក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន។ ប្រជាពលរដ្ឋភាគច្រើនរស់នៅក្នុងទីក្រុងភាគខាងជើង ជាពិសេសរដ្ឋធានី Caracas ដែលជាទីក្រុងធំជាងគេនៅក្នុងប្រទេសវេណេស៊ុយអេឡា។
៣៖ ការដាក់អាណានិគម
ក្នុងឆ្នាំ១៤៩៨ ក្នុងអំឡុងនៃការធ្វើដំណើរជាលើកទីបីទៅកាន់ទ្វីបអាមេរិក លោក Christopher Columbus បានបើកនាវាទៅក្បែរ Orinoco Delta និងដែនដីនៃឈូងសមុទ្រ Paria (ជាប់ប្រទេសវេណេស៊ុយអេឡា)។ លោកបានជាប់ចិត្តនឹងដែនដីនេះជាខ្លាំងរហូតចាត់ទុកថា ជាដែនដីនៃឋានសួគ៌ព្រមទាំងដាក់ឈ្មោះតំបន់នោះថា ដែនដីដ៏ស្រស់ត្រកាល ដែលបច្ចុប្បន្នបានក្លាយជាឈ្មោះហៅក្រៅ របស់ប្រទេសនេះតែម្តង។ ការធ្វើដំណើររបស់លោកទៅកាន់វេណេស៊ុយអេឡា ជាការបើកឱកាសដល់ប្រទេសអេស្ប៉ាញ បានដាក់អាណានិគមលើដែនដីនេះក្នុងឆ្នាំ១៥២២ ដែលជាការដាក់អាណានិគមលើអាមេរិកខាងត្បូងជាអចិន្ត្រៃយ៍លើកដំបូង ក្នុងទីក្រុង Cumana ក្នុងពេលបច្ចុប្បន្ន។ ប្រទេសវេណេស៊ុយអេឡាធ្លាប់ស្ថិតក្រោមអាណានិគមរបស់ប្រទេស អេស្ប៉ាញ ដោយការដណ្តើមបានពីជនជាតិដើម។ នៅអំឡុងនៃសតវត្សរ៍ទី១៩ ប្រទេសវេណេស៊ុយអេឡាត្រូវរងគ្រោះដោយភាពចលាចលផ្នែកនយោបាយ និងរបបបុគ្គលនិយមក្រោមការដឹកនាំរបស់ពួកយោធា ហើយបន្តរហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២០។
៤៖ ការប្រកាសឯករាជ្យសតវត្សរ៍ទី១៩
បន្ទាប់ពីមានការធ្វើចលនាបះបោរបរាជ័យជាច្រើនលើកច្រើនសា ប្រទេសវេណេស៊ុយអេឡាក្រោមការដឹកនាំរបស់ លោក Francisco de Miranda ជាមន្ត្រីជនជាតិវេណេស៊ុយអេឡាដែលបានងើបឡើងធ្វើសកម្មភាពក្នុងបដិវត្តន៍អាមេរិក និងបារាំង នាំឱ្យប្រទេសនេះត្រូវបានប្រកាសឯករាជ្យនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៨១១។ តែជាអកុសល ប្រជាពលរដ្ឋវេណេស៊ុយអេឡានៅពេលនោះ មិនបានដឹងទេថា វាគ្រាន់តែជាការចាប់ផ្តើមនៃសង្គ្រាមប៉ុណ្ណោះ ព្រោះថាប្រទេសនេះត្រូវធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ដែនដី Gran Colombia (សំដៅលើដែនដីស្ថិតនៅភាគខាងជើងបំផុត នៃទ្វីបអាមេរិកខាងត្បូង ដែលក្នុងនោះរួមមាន ប្រទេស កូឡុំប៊ី វេណេស៊ុយអេឡា អេក្វាឌ័រ ប៉េរ៉ូភាគខាងជើង ហ្គាយ៉ាណាភាគខាងលិច និងប្រេស៊ីលភាគពាយ័ព្យ)។ ប្រទេសវេណេស៊ុយអេឡាត្រូវរងចាំរហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ១៨៣០ ទើបទទួលបានឯករាជ្យផ្តាច់ខ្លួនពីដែនដី Gran Colombia។
៥៖ សេដ្ឋកិច្ច និងវិបត្តិ
ប្រទេសវេណេស៊ុយអេឡា ទើបតែរកឃើញប្រេងក្នុងដើមសតវត្សរ៍ទី២០។ ប្រទេសនេះត្រូវបានគេចាត់ទុកជា ប្រទេសស្តុកប្រេងធំជាងគេលើពិភពលោក និងជាប្រទេសនាំមុខគេក្នុងការនាំចេញប្រេង ទៅក្រៅប្រទេសផងដែរ។ កាលពីមុនវេណេស៊ុយអេឡា ធ្លាប់នាំចេញផលិតផលកសិកម្ម តែមិនគ្រប់គ្រាន់តាមតម្រូវការដែលក្នុងនោះមានដូចជា កាហ្វេ កាកាវ ប្រេង ដែលបានគ្របដណ្តប់ខ្ពស់ ទៅលើប្រាក់ចំណូលរបស់រដ្ឋាភិបាល។
ការធ្លាក់ចុះនៃតម្លៃប្រេងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នាំឱ្យមានវិបត្តិបំណុល និងការបន្តអូសបន្លាយនូវវិបត្តិសេដ្ឋកិច្ច ដែលបង្កជាអតិផរណារហូតដល់ ១០០ភាគរយក្នុងឆ្នាំ១៩៩៦ និងអត្រានៃភាពក្រីក្រកើនឡើងរហូតដល់ ៦៦ភាគរយក្នុងឆ្នាំ១៩៩៥។ តម្លៃប្រេងក្នុងដើមទសវត្សរ៍ឆ្នាំ២០០០ បានចាប់ផ្តើមប្រសើរឡើងវិញ។ បន្ទាប់មករដ្ឋាភិបាលនេះ បានបង្កើតគោលនយោបាយអ្នកប្រជានិយម ដែលមានបំណងចង់ជម្រុញសេដ្ឋកិច្ច និងបង្កើនការចំណាយឱ្យបានខ្ពស់ក្នុងសង្គម ជាពិសេសកាត់បន្ថយភាពក្រីក្រ និងអសមភាពសេដ្ឋកិច្ច។
យ៉ាងនេះក្តីគោលនយោបាយនេះ ក្រោយមកបានបង្កជាភាពវិវាទកើតឡើង បង្កការរិះគន់យ៉ាងធ្ងន់ធ្ងរ ដោយសារវាបង្កជាអស្ថិរភាពសេដ្ឋកិច្ច ជាលទ្ធផលវាបណ្តាលឱ្យមានអតិផរណាខ្ពស់ហួសប្រមាណ ព្រមទាំងសម្ពាធសេដ្ឋកិច្ច ភាពក្រីក្រ អត្រាស្លាប់កុមារ កង្វះអាហារូបត្ថម្ភ និងបទឧក្រិដ្ឋកើនឡើង។
៦៖ បាតុកម្មវេណេស៊ុយអេឡាឆ្នាំ២០១៧
បាតុកម្មដែលកំពុងបង្កវិបត្តិយ៉ាងធ្ងន់ធ្ងរដល់ ប្រទេសវេណេស៊ុយអេឡាក្នុងពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមឡើងតំាងពីខែមករា ឆ្នាំ២០១៧ បន្ទាប់មានការចាប់ខ្លួនទៅលើមេដឹកនាំបក្សប្រឆាំង និងការលុបចោលកិច្ចពិភាក្សារវាងមេដឹកនាំបក្សប្រឆាំង និងរដ្ឋាភិបាលរបស់ លោក Nicolas Maduro។ ខណៈដែលភាពតានតឹងនៅតែបន្តកើតមានឡើង វិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ក៏បានកើតឡើងជាបន្តនៅចុងខែមីនាកន្លងទៅនេះ បន្ទាប់ពីតុលាការយុត្តិធម៌កំពូល ដែលគាំទ្រ លោក Maduro បានប្រកាសរំលាយចោលសភា ដែលដឹកនាំដោយបក្សប្រឆាំង។ វាបានបង្កជាបាតុកម្មដ៏តានតឹងផ្ទុះឡើងទូទាំងប្រទេស។
រហូតដល់ខែមេសា បាតុកម្មបានកើនឡើងជាលំដាប់រហូតត្រូវបានចាត់ទុកថា បាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន រាប់ចាប់តាំងពីរលកនៃចលនាបះបោរឆ្នាំ២០១៤ កន្លងទៅនេះ ដែលវាបណ្តាលឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ ធ្វើបាតុកម្មជារៀងរាល់ថ្ងៃ។ សូមជម្រាបថា បច្ចុប្បន្នមហាអំណាចសហរដ្ឋអាមេរិក កំពុងលូកដៃពេញទំហឹង ដើម្បីអន្តរាគមន៍ទៅលើវិបត្តិនៅក្នុងប្រទេស វេណេស៊ុយអេឡា តែមិនមែនមានន័យថា ប្រជាពលរដ្ឋនៃដែនដីនេះ ពិតជាពេញចិត្តទាំងស្រុងទៅលើទង្វើរបស់មហាអំណាចអាមេរិកនោះទេ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា