(អាមេរិក)៖ អ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទៃលំហអាកាស ពុំមែនសុទ្ធតែមានរាងមូលតឹលនោះឡើយ ខណៈក្រុមអ្នកវិទ្យាសាស្រ្ត គិតថាវត្ថុអវកាសដ៏សែនត្រជាក់ ដែលជាគោលដៅបន្ទាប់នៃការហោះ Flyby របស់យានអវកាស New Horizons អាចនឹងមានរូបរាងខុសប្លែកពីធម្មតាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយបច្ចេកវិទ្យា-វិទ្យាសាស្រ្ត CNET នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។
ទីភ្នាក់អវកាស NASA កំពុងបញ្ជូនយានអវកាស New Horizons សំដៅឆ្ពោះទៅកាន់វត្ថុអវកាសមួយ របស់ខ្សែក្រវាត់ខៃភើ (Kuiper Belt) មានឈ្មោះថា MU69 2014 ហើយវាត្រូវចំណាយពេលប្រមាណជា ១៧ខែទៀត ទើបទៅដល់គោលដៅថ្មីនេះ ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្ត បាននិងកំពុងប្រមូលទិន្នន័យសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងវត្ថុអវកាសដ៏សែនឆ្ងាយនេះរួចទៅហើយ ហើយវាមើលទៅគួរចាប់អារម្មណ៍យ៉ាងខ្លាំង។
បន្ទាប់ពីសម្រេចបានជោគជ័យដ៏អស្ចារ្យកាលពីឆ្នាំ២០១៥ នៅភពមិនពេញលក្ខណៈ ភ្លុយតូ យានអវកាស New Horizon បានបន្តដំណើរផ្សងព្រេងឆ្ពោះទៅកាន់ខ្សែក្រវាត់ Kuiper ជាតំបន់មួយដែលពោរពេញទៅដោយ ដុំថ្មអវកាសត្រជាក់ៗ នៅហួសឆ្ងាយពីគន្លងគោចររបស់ភពភ្លុយតូទៅទៀត ហើយ MU69 ដែលអង្គការ NASA ប៉ាន់ប្រមាណថា មានមុខកាត់មិនលើសពី ៤៥គីឡូម៉ែត្រនោះ គឺស្ថិតក្នុងតំបន់នេះ។
វត្ថុអវកាស MU69 បានហោះឆ្លងកាត់ពីមុខផ្កាយមួយដួង កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ ហើយកែវយឺតនៅលើភពផែនដី អង្កេតឃើញទិសដៅរបស់វាបានទាន់ពេលវេលា ដើម្បីក្រឡេកមើលស្រមោលរបស់វត្ថុអវកាសនេះ។ ឱកាសនោះបានលាតត្រដាងថា KBO (MU69) ប្រហែលជាមិនមែនរាងមូលធម្មតាៗនោះឡើយ ដោយវាអាចនឹងមានរាងដូចបាល់អោបរបស់អាមេរិក ឬក៏ជាដុំថ្មអវកាសពីរដាច់ដោយឡែកពីគ្នា តែធ្វើដំណើរគោចរកៀកគ្នាខ្លាំង ហើយម៉្យាងវិញទៀត វាអាចជាវត្ថុមួយដុំ ដែលមានផ្នែកមួយចំនួនរបេះ និងដាច់បាត់។
ក្រុមបេសកកម្ម New Horizon រំពឹងថា យានអវកាសរបស់ពួកគេ នឹងទៅដល់គោលដៅរបស់វាបានទាន់ពេលវេលា សម្រាប់ការហោះ Flyby នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ហើយ NASA បានឲ្យដឹងថា វានឹងក្លាយជាការហោះ Flyby ដែលស្ថិតនៅឆ្ងាយដាច់ស្រយាលជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តនៃការស្រាវជ្រាវរុករកទីអវកាស ពោលគឺប្រមាណមួយពាន់លានគីឡូម៉ែត្រផុតពីភពភ្លុយតូ៕