(ការ៉ាកាស់)៖ ទីបំផុតសភាធម្មនុញ្ញថ្មីនៃប្រទេសវេណេស៊ុយអេឡា (ANC) បានចាប់ផ្តើមបើកសម័យប្រជុំរបស់ខ្លួនជាផ្លូវការលើកដំបូងហើយ បន្ទាប់ពីក្រុមដឹកនាំរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសជោគជ័យជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ ចំពោះមុខការថ្កោលទោស និងដាក់ទណ្ឌកម្មធ្ងន់ៗពីសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសប្លុកសេដ្ឋកិច្ច នៃតំបន់អាមេរិកឡាទីនមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។
សម្រាប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងការ៉ាកាស់) លោកស្រី Delcy Rodriguez ដែលជាអតីតរដ្ឋមន្ត្រីការបរទេស ត្រូវបានតែងតាំងជាប្រធានសភាធម្មនុញ្ញថ្មីរបស់វេណេស៊ុយអេឡា ដោយសមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់បានលើកឡើងថា ពួកគេនឹងបង្កើតអង្គនីតិបញ្ញតិថ្មី ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាជនវេណេស៊ុយអេឡាទាំងអស់ ហើយវាក៏នឹងជំនួសសភាបច្ចុប្បន្ន ដែលកំពុងតែគ្រប់គ្រងដោយគណបក្សប្រឆាំងផងដែរ។
បន្ថែមពីនេះទៀត លោក Aristobulo Isturiz អតីតអនុប្រធានាធិបតីវេណេស៊ុយអេឡា ត្រូវបានតែងតាំងជាអនុប្រធានទី១ នៃរដ្ឋសភា ANC ចំពោះមុខការរិះគន់ និងថ្កោលទោសពីបក្សប្រឆាំង ព្រមទាំងប្រទេសប្លុកជាមួយគ្នាថា អ្វីដែលប្រធានាធិបតី លោក ម៉ាឌូរ៉ូ កំពុងធ្វើនាពេលនេះ គឺជាការប្រឹងប្រែងក្តោបក្តាប់អំណាចក្នុងដៃ ខណៈអាមេរិកបានហៅលោកថា ជាមេដឹកនាំផ្តាច់ការនៅអាមេរិកឡាទីនមួយរូប។ គួរបញ្ជាក់ថា គណបក្សប្រឆាំងវេណេស៊ុយអេឡា ក៏បានប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងសម័យប្រជុំសភាធម្មនុញ្ញថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ ប៉ុន្តែស្ថានការណ៍ជាទូទៅ នៅមិនទាន់មានការបញ្ជាក់នោះឡើយ៕