(ប៉េកាំង)៖ ចិនគ្រោងនឹងធ្វើសមយុទ្ធយោធាជើងទឹកជាលើកទីពីរ នៅលើដែនសមុទ្រក្បែរនៃតំបន់ឧបទ្វីបកូរ៉េ នាថ្ងៃសៅរ៍នេះ ហើយសមយុទ្ធរយៈពេលបួនថ្ងៃនេះរបស់ទីក្រុងប៉េកាំង ត្រូវបានគេមើលឃើញថា គឺជាការបង្ហាញឥទ្ធិពលដ៏ខ្លាំងសម្បើមមួយ ទៅដល់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង រួមទាំងតំបន់អាស៊ីប៉ាស៊ីកហ្វិកទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។
បន្ទាប់ពីសមយុទ្ធស្រដៀងគ្នានេះ ទើបតែត្រូវបានធ្វើឡើងកាលពីមួយសប្តាហ៍មុនប៉ុណ្ណោះនោះ សមយុទ្ធបាញ់គ្រាប់ពិតលើកនេះ នឹងធ្វើឡើងនៅក្នុងតំបន់ដែលត្រូវបានបិទហ៊ុមព័ទ្ធមួយកន្លែង មានទំហំប្រហែលនឹងរដ្ឋ West Virginia របស់សហរដ្ឋអាមេរិក នៅក្បែរទីក្រុង Qungdai ភាគខាងកើត ទីក្រុង Lianyungang។ សេចក្តីជូនដំណឹងពីសំណាក់កងទ័ពជើងទឹកចិន ជុំវិញការហ្វឹកហាត់នេះ គឺពុំមានភ្ជាក់នូវព័ត៌មានលម្អិតច្រើននោះឡើយ ក្រៅតែពីបានឲ្យដឹងថា វានឹងត្រូវធ្វើឡើងចាប់ពីថ្ងៃសៅរ៍នេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា សមយុទ្ធយោធានេះនឹងត្រូវប្រព្រឹត្តទៅ ស្របពេលដែលភាពអាក់អន់ចិត្ត រវាងសហរដ្ឋអាមេរិក និងចិន កំពុងកើនឡើងដោយទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីការខកបំណងរបស់ខ្លួន ចំពោះកង្វះខាតសកម្មភាពរបស់ទីក្រុងប៉េកាំង ក្នុងការគ្រប់គ្រង និងទប់ស្កាត់ទង្វើបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង ហើយចិនវិញបានបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន ចំពោះការបន្តដាក់សម្ពាធរបស់អាមេរិក ជាពិសេសក្រោយពីការធ្វើតេស្តមីស៊ីលផ្លោង ICBM ថ្មីបំផុតរបស់កូរ៉េខាងជើង៕