(រ៉ូម)៖ ប្រធាននៃគណៈកម្មាធិការពាណិជ្ជកម្ម រុស្ស៊ី-អ៊ីតាលី លោក Rosario Alessandrello បានអះអាងថា ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីដោយសហរដ្ឋអាមេរិក នឹងជះផលប៉ះពាល់អាក្រក់យ៉ាងខ្លាំង ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អឺរ៉ុប នៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។
លោក Alessandrello បានចង្អុលបង្ហាញថា គោលដៅចម្បងរបស់ទណ្ឌកម្មអាមេរិក គឺធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរុស្ស៊ី និងអឺរ៉ុបមានទំនាស់នឹងគ្នា និងបង្ខំអឺរ៉ុបឲ្យដើរផ្លូវទាល់ច្រកក្នុងវិស័យថាមពល ហើយជំរុញអឺរ៉ុបឲ្យធ្វើការនាំចូលឧស្ម័នពីសហរដ្ឋអាមេរិកវិញ។ ឧស្ម័នរបស់អាមេរិក មានតម្លៃថ្លៃជាងឧស្ម័នរបស់រុស្ស៊ី ហើយវាក៏ពិបាកជាងក្នុងការទាញយកផងដែរ។ យោងតាមលោក Alessandrello ទណ្ឌកម្មថ្មីទាំងនេះ នឹងប៉ះពាល់ជាខ្លាំងដល់សមត្ថភាពរបស់រុស្ស៊ី និងអឺរ៉ុប ក្នុងការយោគយល់អធ្យាស្រ័យគ្នា នៅក្នុងវិស័យថាមពល។
គួរបញ្ជាក់ថា ជុំវិញការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងម៉ូស្គូក៏បានលើកឡើងដែរថា វាគឺជាការធ្វើសង្រ្គាមពាណិជ្ជកម្ម ដើម្បីដណ្តើមយកទីផ្សារឧស្ម័នពីប្រទេសរុស្ស៊ី៕