(ប្រេស៊ីឡា)៖ ប្រេស៊ីលគ្រោងនឹងធ្វើការការពារ សំណើសុំដកសមាជិកភាពជាបណ្តោះអាសន្នរបស់វេណេស៊ុយអេឡា ចេញពីក្រុមប្លុក Mercosur នៃតំបន់អាមេរិកខាងត្បូង នាថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្នុងជំនួបមួយរវាងរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិក រហូតទាល់តែលទ្ធិប្រជាធិបតេយ្យបានវិលមកដូចដើមវិញ នៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីការបរទេសប្រេស៊ីល លោក Aloysio Nunes បានថ្លែងឲ្យដឹងថា វាមិនអាចលើកលែងឲ្យបានឡើយ ចំពោះការដែលយើងមានមេដឹកនាំផ្តាច់ការមួយរូប នៅក្នុងលើទឹកដីនៃតំបន់អាមេរិកខាងត្បូង។ ម៉្យាងវិញទៀត សព្វថ្ងៃនេះ ស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យ នៅវេណេស៊ុយអេឡា បានធ្លាក់ចុះយ៉ាងខ្លាំងក្លា ហើយជាលទ្ធផល ប្រេស៊ីលនឹងដាក់សំណើថា ប្រទេសវេណេស៊ុយឡានឹងត្រូវព្យួរសមាជិកភាពរបស់ខ្លួន ពីប្លុក Mercosur រហូតទាល់តែលទ្ធិប្រជាធិបតេយ្យ វិលមករកសភាពត្រឹមត្រូវដូចដើមវិញ។
គួរបញ្ជាក់ថា Mercosur ឬទីផ្សាររួមនៅភាគខាងត្បូង គឺជាប្លុកអនុតំបន់ពាណិជ្ជកម្ម ប្រចាំតំបន់អាមេរិកឡាទីន ដែលមានគោលដៅលើកកម្ពស់ការធ្វើពាណិជ្ជកម្មសេរី និងការផ្តល់សេវាកម្ម, ដឹកជញ្ជូនទំនិញ, និងធ្វើដំណើរដោយរលូន។ រដ្ឋមន្រ្តីការបរទេសប្រេស៊ីល, អាហ្សង់ទីន, ប៉ារ៉ាហ្គាយ, និងអ៊ុយរ៉ាហ្គាយ ដែលជាសមាជិកពេញលេញរបស់ប្លុក Mercosur នោះ នឹងជួបជុំគ្នានៅក្នុងទីក្រុង Sao Paulo ដើម្បីជជែកពិភាក្សាគ្នាអំពី ចំណាត់ការឆ្លើយតបរបស់ពួកគេ ចំពោះវិបត្តិនៅវេណេស៊ុយអេឡា៕