(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឆាប់ៗនេះនឹងធ្វើការបោះឆ្នោតចំពោះដំណោះស្រាយថ្មី ដែលនឹងក្លាយជាទណ្ឌកម្មធ្ងន់ធ្ងរជាងមុនទៅលើទីក្រុងព្យុងយ៉ាង ឆ្លើយតបទៅនឹងភាពរឹងទទឹងក្នុងការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកទីពីរកាលពីសប្តាហ៍មុន ហើយក៏ទទួលបានជោគជ័យថែមទៀត ដែលវាត្រូវបាន អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើការថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។
ចំពោះសេចក្តីព្រាងនៃទណ្ឌកម្មខាងលើនេះ គឺត្រូវបានតាក់តែងឡើងដោយសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដោយមានគោលដៅកាត់បន្ថយ ប្រាក់ចំណូលក្នុងវិស័យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងជើង ឲ្យបានយ៉ាងហោចណាស់ ១ ភាគ ៣ ឬមកនៅត្រឹម ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ មន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូបបានប្រាប់ យ៉ុនហាប់ យ៉ាងដូច្នេះថា «យើងបានដាក់សេចក្តីព្រាងនៃដំណោះស្រាយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ហើយ និងសង្ឃឹមថា វានឹងត្រូវអនុម័តទទួលស្គាល់ក្នុងពេលឆាប់ៗ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចេញចំណាត់ការក្តៅលើកនេះ ក្រោយពីខ្លួនបានអះអាងថា កិច្ចពិភាក្សា និងសម្ពាធទៅលើប្រទេសចិន ឲ្យជួយចាត់វិធានការទៅលើប្រទេសកូរ៉េខាងជើងនោះ ពុំបានចេញជាផ្លែផ្កាអ្វីសោះ ឡើយ ហើយទណ្ឌកម្មលើនេះវាប្រាកដណាស់ថា នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសចិនផងដែរ ព្រោះទីក្រុងប៉េកាំងគឺជាដៃគូពាណិជ្ជកម្មធំលេខ១ សម្រាប់កូរ៉េខាងជើងតែម្តង៕