(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចុះហត្ថលេខាទៅលើច្បាប់មួយ ដែលផ្តល់ការសិក្សាអប់រំដោយឥតបង់ថ្លៃ នៅក្នុងសាកលវិទ្យាល័យរដ្ឋទាំងអស់ ដោយមិនខ្វាយខ្វល់ពីការឲ្យយោលបល់ ពីសំណាក់ទីប្រឹក្សាគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក ដែលចង់ឲ្យរូបលោកបដិសេធ ចំពោះវិធានការនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៧។
លោក Menardo Guevarra មន្រ្តីជាន់ខ្ពស់ហ្វីលីពីនបានឲ្យដឹងថា លោកប្រធានាធិបតី ឌូតឺតេ មានជំនឿជឿជាក់ថា សារៈប្រយោជន៍របស់ច្បាប់នេះ គឺមានតម្លៃធំធេងជាងបញ្ហារឿងកញ្ចប់ថវិការយៈពេលខ្លី ដែលអាចនឹងកើតមានឡើងនាពេលអនាគត។ នៅមុនការចុះហត្ថលេខា ទីប្រឹក្សាគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា រដ្ឋាភិបាលហ្វីលីពីន នឹងពុំមានលទ្ធភាពទ្រទ្រង់លើការចំណាយ ដែលបណ្តាលមកពីវិធានការ សិក្សាឲ្យឥតបង់ថ្លៃនេះបានឡើយ ដែលវាត្រូវបានប៉ាន់ប្រមាណថា មានចំនួនដល់ទៅ ១០០ពាន់លានប៉េសូ (០២ពាន់លានដុល្លារ) ក្នុងមួយឆ្នាំៗ។
បន្ថែមពីនេះទីប្រឹក្សារបស់ លោក ឌូតឺតេ បានឲ្យយោបល់ទៀតថា ការផ្តល់ការអប់រំដោយឥតបង់ថ្លៃ នៅឯសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋ (SUC) នឹងមិនផ្តល់អត្ថប្រយោជន៍ដល់ជនក្រីក្រនោះឡើយ ដោយសារនិស្សិតត្រឹមតែ ១២ភាគរយប៉ុណ្ណោះ ដែលសិក្សានៅ SUC ស្ថិតក្នុងគ្រួសារដែលមានប្រាក់ចំណូលទាប។ ដោយឡែកព្រឹទ្ធសមាជិកហ្វីលីពីន លោក Franklin Drilon បានបញ្ជាក់ថា ចំណាត់ការផ្តល់ការអប់រំដោយឥតបង់ថ្លៃ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សារដ្ឋនេះ នឹងទាមទារឲ្យមានការចំណាយត្រឹមតែចន្លោះពី ២០-២៥ពាន់លានប៉េសូ ប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលជាចំនួនទាបជាងឆ្ងាយ បើធៀបនឹងការប៉ាន់ស្មានរបស់ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ឌូតឺតេ។
គួរបញ្ជាក់ថា បើតាម លោក Guevarra ការផ្តល់ការសិក្សាអប់រំ ដោយឥតបង់ថ្លៃនៅតាម SUC គឺជាសសរទ្រូងដ៏រឹងមាំមួយ នៃគោលនយោបាយអភិវឌ្ឍន៍សង្គមរបស់លោកប្រធានាធិបតីហ្វីលីពីន៕