(ម៉ានីល)៖ គ្រោះរញ្ជួយផែនដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូង នៃប្រទេសហ្វីលីពីន ខណៈពុំទាន់មានសេចក្តីរាយការណ៍ថា មានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឬក៏មនុស្សរងគ្រោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។
វិទ្យាស្ថានជាតិហ្វីលីពីននៃបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដី Phivolcs បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលឡើងកាលពីវេលាម៉ោង ៨៖៣០នាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់កើតហេតុ) នៅចម្ងាយប្រមាណ ២២គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ក្រុង Malapatan ខេត្ត Sarangani ស្ថិតលើប្រជុំកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ជាមួយជម្រៅ ៣០គីឡូម៉ែត្រ។ ម៉្យាងវិញទៀត បើតាមវិទ្យាស្ថាន Phivolcs គ្រោះរញ្ជួយផែន ដែលមានឥទ្ធិពលខ្លាំងគ្រាន់បើនេះ ទំនងជាមិនបង្កការបំផ្លិចបំផ្លាញ ឬធ្វើឲ្យមនុស្សរងគ្រោះនោះឡើយ។
គួរបញ្ជាក់ថា ហ្វីលីពីនស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង នៃមហាសាគរប៉ាស្វិក «Pacific Ring of Fire» ដែលជាតំបន់ងាយនឹងរងគ្រោះពីករណីរញ្ជួយផែនដី និងបន្ទុះភ្នំភ្លើងជាទីបំផុត៕