(វ៉ាស៊ីនតោន)៖ សមាជិកសភាជាន់ខ្ពស់សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាថា នឹងចាត់វិធានការ ដើម្បីរារាំងមិនឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្វើការតែងតាំងមន្រ្តីណាមួយបានឡើយ ក្នុងអំឡុងពេលឈប់សម្រាករបស់សភា នាខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
ព្រឹទ្ធសភាអាមេរិកបានមូលមតិគ្នាជាឯកច្ឆ័ន្ទបែបនេះ បន្ទាប់ពីមានការរិះគន់ជាច្រើនលើកច្រើនសាពីសំណាក់ លោកប្រធានាធិបតីអាមេរិក ចំពោះអគ្គរដ្ឋអាជ្ញាលោក Jeff Sessions ដែលបានបង្កឲ្យកើតមានជាក្តីព្រួយបារម្ភយ៉ាងខ្លាំងថា លោក Sessions នឹងត្រូវបញ្ឈប់ពីតំណែងនាពេលឆាប់ៗខាងមុខ។ ព្រឹទ្ធសភាអាមេរិក នឹងកោះឲ្យមានការបើកសម័យប្រជុំពិសេស ជារៀងរាល់បីថ្ងៃម្តងរហូតដល់ខែកញ្ញា ខណៈកិច្ចប្រជុំនេះជាទូទៅត្រូវបានគេរាយការណ៍ថា នឹងមានរយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានថ្លែងរិះគន់ចំជាសាធារណៈចំពោះ លោក Sessions តាមរយៈសារ Twitter ជាច្រើនបន្តបន្ទាប់គ្នាកាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីប្រមុខរដ្ឋអាជ្ញារូបនេះ បានសុំដកខ្លួនចេញពីការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌ ទៅលើពាក្យចចាមអារ៉ាម ក៏ដូចជាការចោទប្រកាន់ ដែលថា រដ្ឋាភិបាលរុស្ស៊ីបានលូកដៃចូលក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦ ដោយរួមដៃជាមួយយុទ្ធនាការឃោសនារបស់ លោក ត្រាំ។ លោក ត្រាំ ក៏បានស្តីបន្ទោស លោក Sessions ដែលពុំបានបណ្តេញមន្រ្តីជាន់ខ្ពស់មួយចំនួន របស់ក្រសួងយុត្តិធម៌អាមេរិក និងមិនបន្តការស៊ើបអង្កេតទៅលើអតីតបេក្ខភាពប្រធានាធិបតី លោកស្រី ហ៊ីលឡារី គ្លីនតុន ផងដែរ៕