(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីៗរបស់ប្រទេសជប៉ុន Toyota និង Mazda ដែលជាគូប្រជែងយ៉ាងស្វិតស្វាញនឹងគ្នានោះបានប្រកាសថា នឹងសាងសង់រោងចក្រតំឡើងរថយន្តរួមគ្នាមួយកន្លែងនៅសហរដ្ឋអាមេរិក ក្នុងគម្រោងដែលមានតម្លៃ ១.៦ពាន់លានដុល្លារ ហើយនឹងបង្កើតការងារប្រមាណ ៤,០០០កន្លែងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
រោងចក្រខាងលើត្រូវគេរាយការណ៍ថា នឹងមានសមត្ថភាពផលិតយានយន្តបានចំនួន ៣០០,០០០គ្រឿង ក្នុងមួយឆ្នាំៗ ដោយចង្វាក់ផលិតកម្មនឹងត្រូវបែងចែកដោយស្មើភាព សម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះ ហើយគម្រោងរោងចក្រតម្លៃ ១.៦ពាន់លានដុល្លារ នេះនឹងផ្តល់ឱកាសការងារប្រហែល ៤,០០០កន្លែង នៅពេលដែលវាត្រូវបើកឲ្យដំណើរការនាឆ្នាំ២០២១ខាងមុខ។
គួរបញ្ជាក់ថា រោងចក្រតំឡើងរថយន្តថ្មីនេះ នឹងក្លាយជាលទ្ធផលដ៏ល្អមួយ សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បានសន្យាថា នឹងបង្កើតវិស័យផលិតកម្ម និងពង្រីកចំនួនការងារ ឲ្យប្រជាជនក៏ដូចជាអ្នកជំនាញខាងផ្នែកយានយន្តរបស់អាមេរិក៕