(អាមេរិក)៖ ប្រសិនបើអ្នកតែងតែមានក្តីស្រមៃ ចង់ថែរក្សាការពារភពផែនដី ពីការឈ្លានពានរបស់អេលៀននោះ ឱកាសរបស់អ្នកទំនងជាបានមកដល់ហើយ។ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងស្វែងរកម្ចាស់មុខតំណែងជាមន្រ្តីការពារភព ជាបុគ្គលមួយរូបដែលមានតួនាទី ដឹកនាំកិច្ចប្រឹងប្រែងរបស់ NASA ក្នុងការធ្វើយ៉ាងណាបង្កាមិនឲ្យភពរបស់យើង ទទួលរងការបំពុលដោយសរីរាង្គមីក្រុបអេលៀន ដែលអាចដោយមកតាមយានអវកាស និងព្យាយាមការពារមិនឲ្យយានអវកាស ឬក្រុមអវកាសយានិករបស់ NASA បំពុលភពដទៃផ្សេងទៀតនៅក្នុងចក្រវាឡ។ នេះបើតាមការចេញផ្សាយដោយ វែបសាយវិទ្យាសាស្រ្ត Space.com នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
ទីភ្នាក់ងារអវកាសអាមេរិក បានគូសបញ្ជាក់ថា ការរក្សាការពារភពផែនដីឲ្យមានសភាពស្អាតជានិច្ច ពីសរីរាង្គមីក្រុបផ្សេងៗ ដែលអាចធ្វើដំណើរមកដល់ទីនេះ តាមរយៈយានអវកាសនាំយកគំរូតាងពីលំហអាកាស ជាដើម គឺជាអាទិភាពខ្ពស់បំផុតយ៉ាងណាក្តី ក៏ប៉ុន្តែកាតព្វកិច្ចនេះ ក៏ត្រូវអនុវត្តន៍ក៏ដូចជាប្រើប្រាស់ទៅលើវត្ថុអវកាសរួមទាំងភពដទៃៗទៀត ដែលយានអវកាសរបស់អង្គការ NASA នេះធ្វើដំណើរទៅដល់ផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺប្រាក់បៀវត្សន៍សម្រាប់តួនាទី ដែលត្រូវបានបញ្ជាក់ថា មានចន្លោះពី ១២៤,៤០៦ដុល្លារ រហូតដល់ ១៨៧,០០០ដុល្លារ ក្នុងមួយខែឯណោះ។
គួរបញ្ជាក់ថា ប្រធានបទនៃការការពារភពនេះ កំពុងជំរុញឲ្យមានការពិភាក្សាកាន់តែច្រើនឡើងៗ នាពេលបច្ចុប្បន្ន ស្របពេលដែល NASA កំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណា នាំយកក្រុមអវកាសយានិកទៅកាន់ភពអង្គារ (Mars) និងបញ្ជូនយានរ៉ូបូតស្រាវជ្រាវទៅកាន់បណ្តាទីឋាន ដែលទំនងអាចទ្រទ្រង់ជីវិតបាន ដូចជាព្រះច័ន្ទយូរ៉ូប៉ា (Europa) ដែលគេសង្ស័យថា មានផ្ទុកមហាសមុទ្រ នៅជិតភពព្រហស្បតិ៍ (Jupiter) ជាដើម៕