(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយថែមទំាងបានចាត់ទុកដែរថា ទណ្ឌកម្មនេះគឺបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងភ័យខា្លចនឹងការរីចំរើនទៅមុខ នៃកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទាំងមានតែធ្វើឱ្យទីក្រុងព្យុងយ៉ាងកាន់តែប្រាកដនៅក្នុងចិត្តថា ខ្លួនត្រូវតែមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ នេះបើតាមអ្នកនំាពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ការអនុម័តច្បាប់ដាក់ទណ្ឌកម្មសាជាថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង មកពីទីក្រុងវ៉ាស៊ីនតោនខ្លាចអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ... ហើយវាមានតែធ្វើឲ្យទីក្រុងព្យុងយ៉ាង កាន់តែបង្កើនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន និងប្រាកដនៅក្នុងចិត្តថា ត្រូវតែមានអាវុធនុយក្លេអ៊ែរជាដាច់ខាត បើសិនជាចង់ការពារខ្លួនពីការឈ្លានពានរបស់សហរដ្ឋអាមេរិក នៅថ្ងៃណាមួយ»។
គួរបញ្ជាក់ថា បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ី ក៏ដោយ ក៏ប៉ុន្តែលោកអះអាងថា ច្បាប់នេះនៅមានចន្លោះប្រហោងជាច្រើន ហើយវាមានតែធ្វើឱ្យប្រទេសទំាងបីនេះ កាន់តែជិតស្និទ្ធនឹងគ្នាតែប៉ុណ្ណោះ៕