(ហាណូយ)៖ គ្រោះទឹកជំនន់នៅឯខេត្តតំបន់ភ្នំភាគខាងជើង នៃប្រទេសវៀតណាម ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ បានផ្តាច់ជីវិតមនុស្ស ០៩នាក់ និង ២៤នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
គ្រោះទឹកជំនន់លើកនេះ ក៏បានបណ្ដាលឱ្យមនុស្ស ១២នាក់រងបួសផងដែរ ហើយមិនប៉ុណ្ណោះវាបានបំផ្លាញផ្ទះអស់ ២០០ខ្នង ដីដំាដុះ និងផ្លូវជាតិមួយចំនួនដោយគិតជាទឹកប្រាក់ស្មើនឹង ៥៣៨.២ពាន់លានដុង ឬ២៣.៨លានដុល្លារ។ ដោយឡែកបើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម មនុស្ស ០៩នាក់ ដែលបានស្លាប់មាន ០៦នាក់ ជាអ្នកស្រុកមកពីខេត្ត Son La, ០២នាក់មកពីខេត្ត Yen Bai និង ម្នាក់មកពីខេត្ត Lai Chau។ ចំណែកឯអ្នកបាត់ខ្លួនទំាង ២៤នាក់មាន ១២នាក់ជាប្រជាជនមកពីខេត្ត Yen Bai, ១០នាក់មកពីខេត្ត Son La និង ០២នាក់មកពីខេត្ត Lai Chau។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល០៧ខែដំបូងឆ្នាំ២០១៧នេះមនុស្ស ៧៥នាក់បានស្លាប់ និង៧៧នាក់រងរបួស ដោយសារខ្យល់ព្យុះ និងគ្រោះទឹកជំនន់នៅទូទាំងប្រទេសវៀតណាម៕