(ម៉ូស្គូ)៖ ក្រសួងការបរទេសកូរ៉ខាងជើង បានធ្វើការរិះគន់ខ្លាំងៗ និងថ្កោលទោសចំពោះអាមេរិក ដែលបានដាក់បម្រាមថ្មីមកលើខ្លួន តាមរយៈការហាមប្រជាជនអាមេរិក ធ្វើដំណើរមកកាន់កូរ៉េខាងជើងជាផ្លូវការចាប់ពីថ្ងៃដើមខែកញ្ញាខាងមុខនេះតទៅ ហើយទង្វើនេះត្រូវបានទីក្រុងព្យុងយ៉ាងចាត់ទុកថា «ជាការប្រើប្រាស់នយោបាយដ៏គគ្លើន» ប្រឆាំងនឹងរដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ទង្វើនេះជារឿងដែលគួរឲ្យស្អប់ខ្ពើមជាទីបំផុត ដែលជាការរារាំងដំណើររបស់ប្រជាជនអាមេរិកមកកាន់កូរ៉េខាងជើង ហើយដែលនេះគឺជាការបង្ហាញអំពីភាពបរាជ័យ នៃនយោបាយដ៏គគ្លើនរបស់អាមេរិកខ្លួនឯងរួចទៅហើយ។ វាប្រាកដហើយតាមរយៈបម្រាម ដែលពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកកំពុងទុកយើងជាសត្រូវ»។
គួរបញ្ជាក់ថា ការប្រកាសថ្កោលទោសរបស់កូរ៉េខាងជើងខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ដំណោះស្រាយថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការហាមប្រជាជនខ្លួន មិនឲ្យធ្វើដំណើរទៅប្រទេសកូរ៉េខាងជើងនោះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែកញ្ញា ខាងមុខនេះតទៅ ហើយសម្រាប់អ្នកដែលមានភារៈកិច្ចចាំបាច់ទៅកូរ៉េខាងជើង នោះត្រូវតែសុំការអនុញ្ញាតពីក្រសួងការបរទេសជាមុនសិន ក្រោមលក្ខខណ្ឌដ៏តឹងរឹងបំផុតមួយ៕