(បាងកក)៖ នេះមិនមែនជារឿងធម្មតាឡើយ ដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសមហាអំណាចយោធាកំពូលទាំងពីរលើលោក គឺសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី ទៅបំពេញទស្សនកិច្ចក្នុងពេលតែមួយនៅប្រទេសមួយ ប៉ុន្តែពេលនេះវាបានកើតមានឡើងសម្រាប់ប្រទេសថៃ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានមួយនេះ នាដើមសប្តាហ៍ក្រោយដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នឹងមកបំពេញទស្សនកិច្ចជាលើកដំបូងបំផុត នៅប្រទេសថៃនាថ្ងៃអង្គារ ទី០៨ ខែសីហា ដើម្បីជួបពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលថៃ អំពីគម្រោងនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃ ទៅកាន់សហរដ្ឋអាមេរិក។ នាឱកាសនោះ លោក Tillerson នឹងត្រូវចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅឯវិមានរដ្ឋាភិបាលថៃក៏ដូចជាបើកកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai។ ក្រៅពីនេះ លោក Tillerson ក៏គ្រោងនឹងចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដោយជួសមុខឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផងដែរ។
គួរបញ្ជាក់ថា នាសប្តាហ៍ដដែល រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov វិញ នឹងចាប់ផ្តើមទស្សនកិច្ចនៅថៃពីថ្ងៃទី០៩ ដល់ទី១០ ខែសីហាខាងមុខនេះ ហើយលោកក៏ចូលគោរពវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រថៃដូចគ្នាផងដែរ នៅក្នុងរាជ្យវាំងទីក្រុងបាងកក។ បន្ទាប់ពីនេះ លោក Lavrov នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីការបរទេស លោក ដន ប្រាមុតវីណៃ (Don Pramudwinai) ដើម្បីពិភាក្សាអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការប្រារព្ធខួប ១២០ឆ្នាំ នៃទំនាក់ទំនងការទូត ថៃ-រុស្ស៊ី៕