(វ៉ាស៊ីនតោន)៖ ទីបំផុតក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ដោយប្រកាសថាឱឡារិកថា ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់ជាដាច់ខាត ចំពោះសភាធម្មនុញ្ញថ្មីរបស់ប្រទេសវេណេស៊ុយអេឡា (ANC) ដែលទើបជាប់ឆ្នោត និងមានសមាជិកសភាដែលសុទ្ធសឹងតែជាអ្នកគាំទ្រប្រធានាធិបតីបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែរៀបចំ ដើម្បីជ្រើសរើសគោលដៅទាំងអស់ ដែលយើងត្រូវធ្វើ ហើយក៏ជាអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរមួយ នៅក្នុងស្ថានភាពបែបនេះដែរ។ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ អាចសម្រេចចិត្តដោយមិនគិតពីអនាគត ឬក៏អាចអូសទាញខ្លួនឯង ត្រឡប់ក្រោយមកកាន់រដ្ឋាភិបាល ដែលស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញចាស់»។ វាមានន័យថា អាមេរិកគ្មានថ្ងៃទទួលស្គាល់ ANC របស់វេណេស៊ុយអេឡានោះឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសដាក់ទណ្ឌកម្មទៅលើ លោក ម៉ាឌូរ៉ូ និងមន្ត្រីជំនិតៗរបស់លោកមួយចំនួនទៀត តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបោះឆ្នោតសភាធម្មនុញ្ញថ្មីត្រូវបានបញ្ចប់ ហើយ លោក ម៉ាឌូរ៉ូ បានប្រកាសជាបណ្តោះអាសន្នថា ក្រុមលោកទទួលបានជោគជ័យនោះ។ បន្ថែមពីនេះ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin ក៏បានបញ្ជាក់ផងដែរថា «អាមេរិកបានបង្ហាញនយោបាយច្បាស់លាស់បំផុតហើយជុំវិញរឿងនេះ នោះគឺអាមេរិកប្រឆាំងចំពោះនយោបាយនានា ដែលបង្កើតឡើងដោយរបបដឹកនាំ ម៉ាឌូរ៉ូ»៕