(បាងកក)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងបំពេញទស្សនកិច្ចនៅប្រទេសថៃ នាសប្តាហ៍ក្រោយនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ខណៈទំនាក់ទំនងថៃ-អាមេរិកនៅតែបន្តស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដដែល ហើយដំណើរមកដល់ទឹកដីថៃ ពីសំណាក់មន្ត្រីជាន់ខ្ពស់ដ៏ល្បីឈ្មោះរបស់រុស្ស៊ីនេះ ក៏ជាការប្រារព្ធខួប ១២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងថៃ-រុស្ស៊ីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
លោក Lavrov នឹងចាប់ផ្តើមទស្សនកិច្ចនៅថៃពីថ្ងៃទី០៩ ដល់ទី១០ ខែសីហាខាងមុខនេះ ហើយលោកក៏ចូលគោរពវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ផងដែរនៅក្នុងរាជ្យវាំងទីក្រុងបាងកក។ បន្ទាប់ពីនេះ លោក Lavrov នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីការបរទេស លោក ដន ប្រាមុតវីណៃ ដើម្បីពិភាក្សាអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ នេះបើតាមការសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសថៃ ចេញផ្សាយនៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ក៏ធ្លាប់ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីផងដែរ កាលពីខែឧសភា ឆ្នាំ២០១៦ ពីរឆ្នាំបន្ទាប់ពីលោកធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែង ដែលបាននាំឲ្យអាមេរិករង្គាសចិត្តរហូតមកដល់បច្ចុប្បន្ន។ បន្ថែមពីនេះរដ្ឋាភិបាលរបស់ លោក ប្រាយុទ្ធ ក៏ហាក់ជិតស្និទ្ធបន្ថែមជាមួយប្រទេសចិនតាមរយៈការទិញសព្វាវុធ ដូចជានាវាមុជទឹកជាដើម ហើយសម្រាប់ទំនាក់ទំនងដែលកំពុងតែពង្រឹងជាមួយរុស្ស៊ីពេលនេះវិញ ប្រទេសថៃក៏អាចនឹងទិញសព្វាពីរុស្ស៊ីបន្ថែមទៀតផងក៏ថាបានដែរ៕