(ឌូបៃ)៖ អាគារលំនៅឋានខ្ពស់កប់ពពកជាប់ចំណាប់ថ្នាក់ទី ០៥ នៅលើពិភពលោក ត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមនៅព្រឹកថ្ងៃសុក្រនេះ ក៏ប៉ុន្តែភ្លាមៗ ពុំទាន់មានសេចក្ដីរាយការណ៍ ពីជនរងគ្រោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
អ្នកសារព័ត៌មានម្នាក់ លោក John O'Nolan បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថា អគ្គិភ័យដ៏សម្បើមមួយ កំពុងឆាបឆេះអាគារខ្ពស់កប់ពពក នៅចំពោះមុខយើងក្នុងសង្កាត់ ឌូបៃ ម៉ារីណា (Dubai Marina) នៃទីក្រុងឌូបៃ។ ដោយឡែកបើតាមក្រុមពន្លត់អគ្គីភ័យ អគ្គីភ័យបានឆាបឆេះខ្លាំងនៅតាមជាន់ជាច្រើន នៃអាគារឈ្មោះថា Marina Torch ឬ Torch Tower ដែលមានកម្ពស់ ១,១០៥ Feet ឬក៏ ៣៣៦.៨ ម៉ែត្រ ចំណែកឯសាក្សីជាច្រើននាក់ បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមថា អគ្គិភ័យនេះគឺមិនអាចគ្រប់គ្រងបានឡើយ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងប្រយុទ្ធនឹងអណ្ដាតភ្លើង។
គួរបញ្ជាក់ថា អគារ Marina Torch ក៏ធ្លាប់ត្រូវបានភ្លើងឆេះកាលពីថ្ងៃខែកុម្ភៈ ឆ្នាំ២០១៥ ផងដែរ ប៉ុន្តែត្រូវបានគេពន្លត់ទាន់។ ហេតុការណ៍នេះបានកើតមានឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការឆាបឆេះអគារខុនដូកម្ពស់ ២៤ជាន់ នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ដែលបានសម្លាប់មនុស្សរហូតដល់ជិត ៨០នាក់ ឯណោះ៕