(ការ៉ាកាស់)៖ ការិយាល័យរដ្ឋអាជ្ញាវេណេស៊ុអេឡា បានស្នើសុំឱ្យតុលាការនៅក្នុងតំបន់ផ្អាកការតែងតាំង សមាជិកសភាធម្មនុញ្ញថ្មីទាំង ៥៤៥នាក់ ដោយសារតែមានការចោទប្រកាន់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានក្លែងបន្លំលទ្ធផលបោះឆ្នោត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនរៀបចំបច្ចេកវិទ្យាដើម្បីសម្រួលការបោះឆ្នោត Smartmatic របស់អង់គ្លេស ដែលបានផ្គត់ផ្គង់ម៉ាស៊ីនបោះឆ្នោត ដល់បណ្ដាប្រទេសជាសមាជិកអង្គការ OPEC នៅក្នុងតំបន់អាមេរិកឡាទីន រួមមានទំាងវេណេស៊ុយអេឡាផងដែរនោះ បានអះអាងកាលពីថ្ងៃពុធថា តួលេខនៃអ្នកទៅបោះឆ្នោតជាង ០៨លាននាក់ (៤១.៥៣ភាគរយនៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោត) របស់ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ នៃប្រទេសអាមេរិកឡាទីនមួយនេះ តាមពិតគឺខុសពីចំនួនពិតប្រាកដដល់ទៅ ០១លានសន្លឹកឆ្នោត។
ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Smartmatic មិនបានបញ្ជាក់ពីវិធីសាស្រ្ដនៃការសន្និដ្ឋានរបស់ខ្លួនឡើយ។ ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យរដ្ឋអាជ្ញាវេណេស៊ុអេឡាបានបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមមន្ត្រី និងអ្នកពាក់ព័ន្ធមួយចំនួន នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) បានប្រព្រឹត្តបទល្មើសទាក់ទិននឹងការបោះឆ្នោត»។
យ៉ាងណាក៏ដោយ CNE និងប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានដិសេធចំពោះការចោទប្រកាន់ទំាងនេះ ហើយថែមទំាងបានប្រកាសថា សមាជិកសភាថ្មីទាំង ៥៤៥នាក់ ដែលទើបជាប់ឆ្នោតជាសមាជិកសភាធម្មនុញ្ញថ្មីរបស់ប្រទេសវេណេស៊ុយអេឡា នឹងជួបជុំគ្នាជាលើកដំបូងនាព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ខណៈសមាជិកសភាថ្មីនេះស្ទើរតែទាំងអស់ គឺជាសុទ្ធជាអ្នកគាំទ្ររបស់ប្រធានាធិបតីឆ្វេងនិយមរូបនេះ។ បន្ថែមពីនេះក្រុមប្រឆាំងក៏បានប្រកូកប្រកាស ឲ្យមានធ្វើបាតុកម្មតវ៉ាយ៉ាងកក្រើកផងដែរ នៅក្នុងថ្ងៃតែងតាំងសមាជិកសភាថ្មីនោះ៕