(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ាដែលកំពុងតែខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នោះ ពេលនេះបាន និងកំពុងចរចាទិញអគ្គិសនីពីប្រទេសចិន ដើម្បីបង្គ្រប់ការប្រើប្រាស់ក្នុងស្រុក ខណៈកិច្ចព្រមព្រៀងដែលនឹងសម្រេចនាពេលអនាគតនោះ នឹងធ្វើទំនាក់ទំនងដែលធ្លាប់ប្រេះស្រាំរវាងប្រទេសជិតខាងទាំងពីរ បានប្រសើរឡើងវិញផងដែរ។ នេះបើតាមការចេញផ្សាយព័ត៌មាន Exclusive របស់ទីភ្នាក់ងារ Reuters នាព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
ការពិភាក្សាគឺបានចាប់ផ្តើមជាលើកដំបូង ចាប់តាំងពីខែមេសាមកម្ល៉េះ ដោយអនុឡោមទៅតាមគោលគំនិតរបស់លោកស្រី អោងសាន ស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលចង់ស្តារទំនាក់ទំនងឲ្យប្រសើរឡើងវិញជាមួយប្រទេសចិន ក្រោយពីមានការបាញ់បោះ និងចាប់ទាហាននៅតាមព្រំដែនប្រទេសទាំងពីរកាលពីប៉ុន្មានឆ្នាំមុន ព្រមជាមួយនឹងការផ្អាកគំរោងសាងសង់ទំនប់វារីអគ្គិសនី ដោយអតីតរដ្ឋាភិបាលប្រធានាធិបតី លោក យូ ធេនសេន កាលពីឆ្នាំ២០១១ ដែលបាននាំឲ្យប្រទេសទាំងពីរមើលមុខគ្នាមិនត្រង់ រហូតមកទល់នឹងបច្ចុប្បន្ន។
គួរបញ្ជាក់ថា គំរោងកសាងទំនប់វារីអគ្គិសនីរបស់ចិន ហាក់ជួបប្រទះនូវបញ្ហាខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែវិស័យឧស្សាហកម្មភាគច្រើន បានងាកទៅប្រើប្រាស់គំរោងសន្សំសំចៃថាមពលជាងមុខ ឆ្លើយតបនឹងការធ្លាក់ចុះសេដ្ឋកិច្ចនៅខេត្តយូណាន ដែលជាខេត្តធំបំផុតនៅភាគនិរតីប្រទេសចិន ហើយក៏ជាប់ព្រំដែនមីយ៉ាន់ម៉ាផងដែរ។ វាគឺជាឱកាសល្អសម្រាប់មីយ៉ាន់ម៉ា នៅក្នុងការចរចាទិញយកថាមពលពីប្រទេសចិន ដែលកំពុងនៅសល់លើសលប់ ហើយចិនក៏នឹងអាចមានកញ្ចប់តម្លៃពិសេសសម្រាប់ផ្តល់ដល់មីយ៉ាន់ម៉ាផងដែរ ដើម្បីជំរុញឲ្យកិច្ចព្រមព្រៀងទិញអាចសម្រេចបានឆាប់ៗ៕