(ប៉េកំាង)៖ អ្នកជំនាញលើសំណុំរឿងកូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិកមិនគួរទុកចិត្តលើចិនពេកនោះទេ ក្នុងការទប់ស្កាត់ ឬដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង ខណៈទីក្រុងប៉េកាំង ហាក់ដូចជាមិនបានប្រឹងឱ្យអស់ពេញដៃពេញជើង ប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន ឡើយ បើសិនជាផលប្រយោជន៍សេដ្ឋកិច្ច ឬសន្តិសុខរបស់ចិនមិនស្ថិតនៅក្រោមការគំរាមកំហែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះមានន័យថា ចិននៅតែបន្តព្យាយាមស្វែងរកទឹកដីកណ្ដាលមួយ នោះគឺកូរ៉េខាងជើង ដើម្បីរក្សាសន្តិភាពនៅតាមតំបន់ព្រំដែន ចំពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែតានតឹងឡើង។ ជុំវិញបញ្ហានេះដែរ លោក Balbina Hwang អតីតទីប្រឹក្សាអាមេរិកប្រចាំតំបន់អាស៊ីខាងកើត ក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី George W. Bush បាន ប្រាប់សារព័ត៌មាន The Korea Times ថា ចិននៅតែបន្តគាំទ្រកូរ៉េខាងជើងទំាងផ្លូវការ និងមិនផ្លូវការ ត្បិតនៅពេលនេះ សហរដ្ឋអាមេរិកកាន់តែពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់ តាមរយៈការធ្វើសមយុទ្ធយោធាជារឿយៗជាមួយកូរ៉េខាងត្បូង និងជប៉ុន នៅលើតំបន់ឧបទ្វីបកូរ៉េ ដើម្បីកំញើញកូរ៉េខាងជើង។
ជាងនេះទៅទៀតចិនកាន់តែមិនអាចគ្មានកូរ៉េខាងជើង ដោយសារតែទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ក៏ដូចជាគំរាមដាក់ទណ្ឌកម្មលើការធ្វើពាណិជ្ជកម្មជាមួយចិនផងដែរ។ ដូច្នេះហើយទើបអ្នកជំនាញខ្លះយល់ថា ទីក្រុងប៉េកាំងដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង គ្រាន់តែបង្រ្គប់កិច្ចការពារមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ ដោយឱ្យគេគ្រប់គ្នាមើលឃើញថា ចិនបានចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែនៅខាងក្រោយខ្នងចិនចាំបាច់ត្រូវការ កូរ៉េខាងជើងដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញអាមេរិកមួយចំនួន កូរ៉េខាងជើងទំនងជាអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោង ឬក៏អាវុធនុយក្លេអ៊ែរសាជាថ្មី ក្នុងពេលឆាប់ៗនេះរីឯសហរដ្ឋអាមេរិក ក៏ត្រូវបានគេរាយការណ៍ថា បានគ្រោងនឹងបញ្ជូនយន្ដហោះចម្បាំង F-16 ចំនួន ១២គ្រឿង និងកងទ័ពអាកាស ២០០នាក់ បន្ថែមទៀតឱ្យមកឈរជើងនៅកូរ៉េខាងត្បូង៕