(អាមេរិក)៖ សហរដ្ឋអាមេរិកត្រូវបានគេសង្ស័យថា កំពុងតែបញ្ជូននាវាដឹកយន្តហោះចម្បាំងខ្នាតធំ Nimitz-class ចំនួនពីរគ្រឿងទៅកាន់ដែនទឹកនៃឧបទ្វីបកូរ៉េហើយ ដើម្បីរក្សាសន្តិសុខក្នុងតំបន់ជាពិសេសគឺការពារសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ជប៉ុន និងកូរ៉េខាងត្បូងពីការបង្កហេតុនានាបន្ថែមទៀត ពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។
ជុំវិញព័ត៌មាននេះដែរ មន្ត្រីយោធាកូរ៉េខាងត្បូងធ្លាប់បានបកស្រាយថា នាវាដឹកយន្តហោះចម្បាំងទាំងពីរគ្រឿងខាងលើនេះមានដូចជា USS Ronald Reagan និង USS Carl Vinson នឹងត្រូវបញ្ជូនមកដល់ដែនទឹកឧបទ្វីបកូរ៉េក្នុងពេលឆាប់ៗនេះ។ ទោះបីជាបែបនេះសារព័ត៌មានរុស្ស៊ី Sputnik បានសាកសួរទៅកាន់មន្ទីរការពារជាតិអាមេរិកបញ្ចកោណដើម្បីសុំការបកស្រាយ ប៉ុន្តែពុំមានការឆ្លើយតបនោះឡើយ។
គួរបញ្ជាក់ថា ក្រោយការធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM កាលពីមួយសប្តាហ៍ ដោយទីក្រុងព្យុងយ៉ាងបានប្រកាសជោគជ័យជាលើកទីពីរ នៅក្នុងខែកក្កដានោះតែម្តង។ សហរដ្ឋអាមេរិកភ្លាមៗបានធ្វើការថ្កោលទោស និងសម្រេចរៀបចំធ្វើតេស្ត ICBM មួយគ្រាប់តបទៅវិញ នៅរយៈពេលពីរថ្ងៃកន្លងទៅនេះ ហើយក៏មានព័ត៌មានជាបន្តបន្ទាប់ថា នាវាដឹកយន្តហោះចម្បាំងពីរគ្រឿង កំពុងតែត្រូវអាមេរិកបញ្ជូនទៅកាន់ឧបទ្វីបកូរ៉េ ខណៈកូរ៉េខាងជើងត្រូវបានអាមេរិកសង្ស័យទៀតថា កំពុងរៀបចំផ្លោងមីស៊ីលចេញពីនាវាមុជទឹកថែមទៀត៕