(ប៊ែរឡាំង)៖ រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្ត បណ្ដេញមន្ត្រីចារកិច្ចវៀតណាមម្នាក់ ចេញពីប្រទេសក្នុងរយៈពេល ៤៨ម៉ោង ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការពង្រត់បុរសម្នាក់ ឈ្មោះ Trinh Xuan Thanh ដែលគេជឿជាក់ថា ត្រូវបានគេចាប់បញ្ចូលទៅក្នុងរថយន្ដមួយគ្រឿង របស់ជនប្រដាប់អាវុធមួយក្រុម នៅឯសួនសត្វមួយកន្លែងក្នុងទីក្រុងប៊ែរឡាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ លោក Trinh Xuan Thanh ដែលស្ថិតនៅក្រោមដីកាចាប់ខ្លួន បានបាត់ខ្លួនកាលពី ០៩ថ្ងៃមុននេះ នៅក្នុងទីក្រុងប៊ែរឡាំង។ «ការចាប់ពង្រត់ជនជាតិវៀតណាម លោក Trinh Xuan Thanh នៅលើទឹកដីអាល្លឺម៉ង់ គឺជារឿងមួយមិនអាចទទួលយកបាន និងរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អាល្លឺម៉ង់ និងច្បាប់អន្តរជាតិ»។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ លោក Martin Schaefer។ តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានសម្ដែងការសោកស្ដាយ និងច្រានចោល ការចោទប្រកាន់ថា ទីក្រុងហាណូយបានចាប់ពង្រត់អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងវៀតណាម PetroVietnam លោក Trinh Xuan Thanh។
គួរបញ្ជាក់ថា លោក Trinh Xuan Thanh ត្រូវបានគេចោទប្រកាន់ថា បានកឹបកេងលុយជាង ១៥០លានដុល្លារ ហើយរដ្ឋាភិបាលទីក្រុងហាណូយ ក៏បានចេញដីកាអន្តរជាតិតាមចាប់ខ្លួន រូបលោកកាលពីខែកញ្ញា ឆ្នាំ២០១៦ផងដែរ ខណៈអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងរូបនេះ ត្រូវគេរាយការណ៍ថា បានស្នើសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់៕
Trinh Xuan Thanh