(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងដាម៉ាស់ប្រទេសស៊ីរី ដែលត្រូវរងការវាយប្រហារដោយពួកភេរវករ កាលពីថ្ងៃ ពុំបានបង្កឱ្យមានជនរងគ្រោះ ឬការខូច ខាតធំដុំអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មលើស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងដាម៉ាស់ ហើយយើងសូមបញ្ជាក់ឡើងវិញថា រុស្ស៊ីចង់ឱ្យមានការយកចិត្តទុកដាក់កាន់តែច្រើនឡើង លើការវាយប្រហាររបៀបនេះ របស់ពួកភេរវករប្រឆាំងនឹងសង្កាត់ទីប្រជុំជនក្នុង ទីក្រុងដាម៉ាស់ និងប្រជាជនស៊ីវិលស៊ីរី... ខណៈរៀងរាល់ថ្ងៃជនស៊ីវិល ស្រ្តីនិងកុមារ បានក្លាយជាជនរងគ្រោះនៃអំពើដ៏សាហាវនេះ»។
គួរបញ្ជក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ ទីក្រុងម៉ូស្គូក៏បានជំរុញឱ្យបណ្ដាប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ បញេ្ចញប្រតិកម្មលើការវាយប្រហារទំាងឡាយណាប្រឆាំងនឹង បេសកកម្មទូតរុស្ស៊ីនៅស៊ីរី ហើយនេះក៏មិនមែនជាលើកទីមួយ ត្បិតកាលពីថ្ងៃទី១៦ ខែកក្កដា ទីក្រុងម៉ូស្គូ ក៏ធ្លាប់បានអះអាងថា ស្ថានទូតរបស់ខ្លួនត្រូវពួកភេរវករលួចឆ្មក់វាយប្រហារផងដែរ៕