(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យសហរដ្ឋអាមេរិក បើកការស៊ើបអង្កេតជាបន្ទាន់ ជុំវិញករណីបាញ់ប្រហារនៅឯអគ្គកុងស្ថានស៊ុលចិន ប្រចំាទីក្រុងឡូសអាន់ជែឡែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអាមេរិកបុរសជាជនជាតិអាស៊ីម្នាក់ បានបាញ់កាំភ្លើងជាច្រើនគ្រាប់ នៅខាងក្រៅស្ថានកុងស៊ុលចិន ក្នុងទីក្រុងឡូសអាន់ជែឡែសកាលពីព្រឹកថ្ងៃអង្គារ មុននឹងរូបគេបាញ់សម្លាប់ខ្លួន។ ហេតុការណ៍បាញ់បោះនេះ ត្រូវបានគេរាយការណ៍នៅម៉ោង ៦៖០០នាទីព្រឹក ដោយមិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ប៉ុន្តែបុរសជាខ្មាន់កាំភ្លើងមានអាយុប្រហែល ៦០ឆ្នាំ បានបាញ់សម្លាប់ខ្លួនឯង ហើយសាកសពរបស់គាត់ត្រូវបានគេប្រទះឃើញនៅក្នុងរថយន្ដមួយគ្រឿង ស្ថិតនៅចំងាយ ២០ម៉ែត្រ ពីការិយាល័យស្ថានកុងស៊ុលចិន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានស្នើឱ្យសហរដ្ឋអាមេរិក បើកស៊ើបអង្កេតជាបន្ទាន់ឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបានលើករណីនេះ ក៏ដូចជាចាត់វិធានការចាំបាច់ទាំងឡាយ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសម្រាប់មន្ត្រីនៃអគ្គស្ថានកុងស៊ុលចិន៕