(អាមេរិក)៖ អតីតអវកាសយានិកអាមេរិក លោក Buzz Aldrin បានលើកឡើងថា ទីភ្នាក់ងារអវកាស NASA គួរតែទម្លាក់គម្រោងក៏ដូចជាកម្មវិធីធំៗរបស់ខ្លួនចោលខ្លះទៅ ដើម្បីងាកទៅផ្តោតការយកចិត្តទុកដាក់សំខាន់ លើការស្រាវជ្រាវ និងរុករកភពអង្គារ (Mars) វិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
លោក Aldrin ជាមនុស្សទីពីរដែលបានឈានជើងជាន់លើផ្ទៃឋានព្រះច័ន្ទ កាលពីប៉ុន្មានទសវត្សរ៍មុននោះ បាននិយាយថា ស្ថានីយ៍អវកាសអន្តរជាតិ, កម្មវិធីអភិវឌ្ឍន៍ និងបង្ហោះគ្រាប់រ៉ុក្កែត, រួមទាំងគម្រោងយានអវកាស Orion (សម្រាប់ដឹកជញ្ជូនក្រុមអវកាសយានិក ធ្វើដំណើរក្នុងលំហអាកាស) កំពុងតែលេបយកកញ្ចប់ថវិកាដែលកំពុងតែខ្វះខាតរបស់អង្គការ NASA ហើយកំពុងបង្កភាពរាំងស្ទះ ដល់ទីភ្នាក់ងារអវកាសអាមេរិក មិនឲ្យធ្វើអ្វីមួយប្រាកដប្រជាពីបេសសកម្មបញ្ជូនមនុស្ស ទៅស្រាវជ្រាវ និងរុករកនៅភពព្រះអង្គារបាននោះឡើយ។
អតីតអវកាសយានិកវ័យ ៨៧ឆ្នាំ របស់ NASA រូបនេះបានថ្លែងយ៉ាងដូច្នេះថា «យើងនឹងមិនអាចសម្រេចអ្វីបានជាផ្លែផ្កាឡើយ ដរាបណាពួកយើងមិនធ្វើអ្វីមួយជុំវិញបញ្ហាទាំងនេះទេនោះ»។ ជាមួយគ្នានេះ លោក Aldrin ក៏បានអំពាវនាវឲ្យក្រុមប្រឹក្សាអវកាសជាតិ ធ្វើការបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្តល់ការប្តេជ្ញាចំពោះគោលដៅ នៃការបញ្ជូនមនុស្សទៅកាន់ភពអង្គារផងដែរ។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ ប្រធានផ្នែកមួយរបស់អង្គការ NASA បានសារភាពថា អង្គការនេះពុំមានលទ្ធភាព នៅក្នុងការនាំមនុស្សទៅភពអង្គារ ដូចគម្រោងនៅឆ្នាំ២០៣០ នោះឡើយ ដោយសារតែការខ្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរ ព្រោះគ្មានការឧបត្ថម្ភជាដុំកំភួនអ្វី ពីសំណាក់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលប្រការនេះបាននាំឲ្យអ្នកគាំទ្រវិស័យបច្ចេកវិទ្យាអវកាស ខកចិត្តឥតឧបមាតែម្តង៕