(ការ៉ាកាស់)៖ អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើ ករណីដែលបានចោទថា មានការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសភាធម្មនុញ្ញ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីសេចក្តីរាយការណ៍អះអាងថា រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រហែលជាបានបំប៉ោងសំឡេងឆ្នោតក្នុងចំនួនយ៉ាងច្រើន។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
លោកស្រី Luisa Ortega Diaz អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា នៅក្នុងបទសម្ភាសន៍ជាមួយ CNN បានថ្លែងឲ្យដឹងថា លោកស្រីបានតែងតាំងរដ្ឋអាជ្ញាចំនួនពីររូប ឲ្យរៀបចំបើកការស៊ើបអង្កេត ទៅលើបណ្តានាយកនៃក្រុមប្រឹក្សាបោះឆ្នោតជាតិ ជុំវិញរឿងនេះបន្ទាប់ពី លោក Antonio Mugica នាយកប្រតិបត្តិនៃក្រុមហ៊ុន Smartmatic មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលជាអ្នកផ្តល់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការបោះឆ្នោតដ៏ចម្រូងចម្រាសនៅវេណេស៊ុយអេឡា បានអះអាងថា តួលេខនៃអ្នកទៅបោះឆ្នោតជាង ០៨លាននាក់ (៤១.៥៣ភាគរយនៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោត) របស់ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ របស់ប្រទេសអាមេរិកឡាទីនមួយនេះ តាមពិតគឺខុសពីចំនួនពិតប្រាកដដល់ទៅ ០១លានសន្លឹកឆ្នោត។
ដោយឡែក ប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ បានលើកឡើងតវ៉ាចំពោះការអះអាងនេះថា លោក Mugica បាននិយាយយ៉ាងដូច្នោះ ដោយសារតែទទួលរងសម្ពាធពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ជាមួយគ្នានេះ លោកស្រី Ortega ក៏បានបញ្ជាក់ផងដែរថា លោកស្រីកំពុងតែពិចារណាលើការសុំការជួយជ្រោមជ្រែងពីសំណាក់អង្គការអន្តរជាតិផងដែរ ប្រសិនបើកំណត់ឃើញថា បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ពិតជាបានប្រព្រឹត្តឡើងមែននោះ។
លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា សមាជិកសភាថ្មីទាំង ៥៤៥នាក់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើស សម្រាប់សភាធម្មនុញ្ញរបស់ប្រទេសវេណេស៊ុយអេឡា នឹងជួបជុំគ្នាជាលើកដំបូង នាព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ខណៈសមាជិកសភាថ្មីនេះស្ទើរតែទាំងអស់ គឺជាសុទ្ធជាអ្នកគាំទ្ររបស់ប្រធានាធិបតីឆ្វេងនិយមរូបនេះ៕