(ម៉ូស្គូ)៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បាននិយាយឥតលាក់លៀមថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិក គឺប្រៀបបានទៅនឹងការប្រកាសធ្វើសង្រ្គាម ពាណិជ្ជកម្មទ្រង់ទ្រាយធំជាមួយរុស្ស៊ី។ ច្បាប់ដាក់ទណ្ឌកម្មនេះ ក៏មានជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើង និងអ៊ីរ៉ង់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះ លោក Medvedev បានបញ្ជាក់ថា ការចុះហត្ថលេខារបស់ លោក ដូណាល់ ត្រំា លើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពកម្សោយ ក្នុងនាមជាប្រធានាធិបតីអាមេរិក។ ច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ត្រូវបានអនុម័តដោយសភា និងព្រឹទ្ធសភាអាមេរិកក្នុងគោលបំណងឆ្លើយទៅនឹងអ្វី ដែលទីក្រុងវ៉ាស៊ីនតោនបានចោទថា ទីក្រុងម៉ូស្គូបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ ព្រមទំាងសកម្មភាព នៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ ប៉ុន្តែព្រមពេលជាមួយគ្នាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ចេញពីប្រទេសយ៉ាងយូរនៅត្រឹមថ្ងៃទី០១ ខែកញ្ញា ព្រមទាំងបានអះអាងដែរថា ទីក្រុងម៉ូស្គូនឹងចាត់វិធានការសងសឹកឱ្យដូចគ្នាទៅនឹងសហរដ្ឋអាមេរិក បានធ្វើមកលើខ្លួន។
គួរបញ្ជាក់ថា បើទោះជាលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មនេះក៏ដោយ ក៏លោកនៅតែរិះគន់ថា ច្បាប់នេះនៅមានចន្លោះប្រហោងច្រើន ហើយថាលោកយល់ព្រមចុះហត្ថលេខា ដើម្បីការរួបរួមជាតិរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សហភាពអឺរ៉ុបក៏បានចាត់ទុកថា ច្បាប់នេះផ្ទុយទៅនឹងច្បាប់អន្តរជាតិ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់បណ្ដាក្រុមហ៊ុននៅអ៊ឺរ៉ុប រីឯក្រុមអ្នកជំនាញខ្លះយល់ថា ការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូ គឺសហរដ្ឋអាមេរិក មានចេតនាដណ្ដើមទីផ្សារឧស្ម័នពីរុស្ស៊ី តាមរយៈការបង្ខំឱ្យបណ្ដាប្រទេសនៅអឺរ៉ុប ឈប់រកស៊ីឧស្ម័នជាមួយរុស្ស៊ី ហើយងាកមកទិញឧស្ម័ន ឬប្រេងពីខ្លួនវិញ៕