(ប៉ារីស)៖ ទីបំផុតកិច្ចព្រមព្រៀងនៃការទិញយកកីឡាករខ្សែប្រយុទ្ធ Neymar ពីក្លឹប FC Barcelona របស់អេស្ប៉ាញ ពីសំណាក់ក្លឹបបារាំង Paris Saint-Germain (PSG) ត្រូវបានកើតឡើងហើយ ក្នុងតម្លៃផ្ទេរសរុប ៥៣០លានដុល្លារ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយព្រឹកនេះ។
ប្រភពខាងលើដដែលបានបញ្ជាក់ថា ក្លឹបអ្នកមានបារាំង PSG បានព្រមព្រៀងទិញ និងផ្តាច់កិច្ចសន្យានៅសល់ ១ឆ្នាំរបស់កីឡាករវ័យ២៥ឆ្នាំ Neymar ក្នុងតម្លៃ ២៦០លានដុល្លារ និងបន្ថែមលើនេះ ៥៣លានដុល្លារទៀតក្នុង១ឆ្នាំ ទៅលើកិច្ចសន្យារយៈពេល ៥ឆ្នាំរបស់ប្រធានក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ។
Neymar កំពុងនាំមុខគេ ក្នុងនាមជាកីឡាករមានតម្លៃផ្ទេរថ្លៃជាងគេរបស់ពិភពលោក បំបែកកំណត់ត្រាចាស់របស់កីឡាករបារាំង Paul Pogba ដែលផ្ទេរចេញពីក្លឹប Juventus របស់អ៊ីតាលីមកលេងឲ្យ Manchester United របស់អង់គ្លេសកាលពីរដូវកាលមុនមានតម្លៃ ១១៨លានដុល្លារ Ronaldo ផ្ទេរចេញពីក្លឹប Man Utd ទៅ Real តម្លៃ ១០៦លានដុល្លារ និង Gareth Bale ផ្ទេរពី Spurs ទៅ Real មានតម្លៃ ១០២លានដុល្លារ។
សូមរំលឹកផងដែរថា Neymar ត្រូវបាន Barcelona ទិញពីក្លឹប Santos របស់ប្រេស៊ីលក្នុងតម្លៃ ៤៨,៦លានផោន កាលពី២០១៣ ដោយបានចុះកិច្ចសន្យា៥ឆ្នាំលេងនៅ Camp Nou ដោយជួយឲ្យក្លឹបស្ថិតក្នុងតំបន់ Catalan មួយនេះលើកពាន La Liga ២ដង, Copa del Rey ៣ដង និងពានធំ UEFA Champions League ១ដង ពីការចូលលេងបាន ២៩៩ប្រកួត និងស៊ុតបញ្ចូលទីបាន ១០៥គ្រាប់។
ឪពុក Neymar ធ្លាប់បានបញ្ជាក់ថា បញ្ហាពន្ធថ្លៃនៅអេស្ប៉ាញ ជាកត្តាសំខាន់ដែលបង្ខំចិត្តឲ្យរូបគេនិងកូនប្រុសចាកចេញពីប្រទេសនេះ ត្បិតធ្លាប់ឡើងតុលាការនៅទីក្រុងបាសេឡូណាជាញឹកញាប់ជុំវិញបទចោទប្រកាន់បន្លំពន្ធ មួយវិញទៀត Barcelona មាន Lionel Messi ដែលធ្វើឲ្យ Neymar លំបាកប្រជែងយកលេខ១នៃការឈ្នះពានបាល់មាស Ballon d’Or របស់ FIFA ណាស់។
ចាប់ពីពេលនេះតទៅប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់នឹងដឹងច្បាស់ថា Real Madrid មាន Cristiano Ronaldo, Barcelona មាន Lionel Messi និង Paris Saint-Germain មាន Neymar៕